(អង់ការ៉ា)៖​ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បានប្រៀបធៀបបុគ្គលិក និងថ្នាក់ដឹកនាំ​វិហារអ៊ីស្លាម ឬ (imams) នៃនាយកដ្ឋាន​កិច្ចការសាសនាតួកគី ឬហៅកាត់ថា Diyanet ចំនួន ១៤០,០០០នាក់ គឺជាសមាជិក​នៃកងទ័ពដ៏ខ្លំាង នៅអំឡុងថ្លែង​សុន្ទរកថា​មួយនៅឯ​ព្រឹត្តិការណ៍​មានឈ្មោះថា «ជំនួបជាមួយមន្ត្រី​សាសនា»។ នេះបើតាមការ​ចេញផ្សាយដោយ​គេទំព័រ stockholmcf នៅរសៀលថ្ងៃព្រហស្បតិ៍ ០៤ ខែតុលា ឆ្នាំ២០១៨។

ថ្លែងក្នុងជំនួប​ជាមួយ imams នៅឯវិមាន​ប្រធានាធិបតី លោក អឺដូហ្កាន់ បានសម្ដែង​ការអរគុណខ្លាំងដល់មន្ត្រី​កិច្ចសាសនាតួកគី ដែលបានអំពាវនាវ​ឱ្យប្រជាជនតួកគីទាំងអស់​ងើបឡើង ដើម្បីប្រឆាំងនឹង​ការប៉ុនប៉ងធ្វើរដ្ឋប្រហារ​មិនបានសម្រេច​កាលពី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

បន្ថែមពីលើនេះ​លោកប្រធានាធិបតី​តួកគី ក៏បានបង្ហាញ​ការសាទរផងដែរ​ ចំពោះការបើកវិហារ​អ៊ីស្លាមមួយនៅ​ក្នុងទីក្រុង Cologne ប្រទេស​អាល្លឺម៉ង់។ លោក អឺដូហ្កាន់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបើក​សម្ពោធវិហាររបស់​យើងនៅក្នុងទីក្រុង Cologne ។ ចាប់ពីនេះ​តទៅជនជាតិអាល្លឺម៉ង់ នឹងទៅទស្សនាវិហារមួយនេះ​ជាញឹកញប់ ហើយពិតជាពេញ​ចិត្តចំពោះដំណើរទស្សនកិច្ចនេះ​ដោយសង្ឃឹមថា​ពួកគេអាចនឹងចូលសាសនា​អ៊ីស្លាម»