(សាន់ហ្វ្រាន់ស៉ីស្កូ)៖ សម្ព័ន្ធក្រុម​អ្នកការពារកុមារ​នៅអាមេរិក បានស្នើយ៉ាងទទូចឲ្យ​​​អាជ្ញាធរត្រួតពិនិត្យ​លើវិស័យពាណិកម្ម​​នៅក្នុង​ប្រទេសខ្លួន ​បើកការស៉ើប​អង្កេត និងចាត់វិធានការប្រឆាំងក្រុមហ៊ុនបណ្តាញ​ទំនាក់ទំនង​សង្គម Facebook ជុំវិញការរំលោភ​លើច្បាប់​រក្សាសិទ្ធិឯកជន​​របស់​កុមារ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។

ក្រុមខាងលើ​បានសម្រេចដាក់ពាក្យ​បណ្តឹង​ទៅ​កាន់ គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ របស់សហរដ្ឋអាមេរិក​ដោយចោទ​ប្រកាន់ថា កម្មវិធី​ចម្រូង​​ចម្រាស​​មួយឈ្មោះថា Messenger Kids របស់ Facebook ដែល​អនុញ្ញាត​​ឲ្យ​សូម្បី​តែ​ក្មេង​អាយុត្រឹម ០៥ឆ្នាំ​ប៉ុណ្ណោះ ប្រើ​ប្រាស់បាន​ដែរនោះ បាននិងកំពុង​ប្រមូលយកព័ត៌មានផ្ទាល់ខ្លួន​​​របស់កុមារ ដោយមិន​មាន​សិទ្ធិអនុញ្ញាត​ដែលអាចជឿជាក់​បានពី​ឪពុក-ម្តាយ​ពួក​គេ​នោះ​ឡើយ​។ បើតាមពាក្យបណ្តឹងដដែល Facebook ថែមទាំង​លក់ព័ត៌មានទាំងនេះ ទៅកាន់​ភាគីទីបីទៀតផង។

គួរជម្រាបថា ក្រុមហ៊ុន Facebook បានបញ្ចេញ​កម្មវិធី Messenger Kids នៅលើប្រព័ន្ធ​ប្រតិបត្តិការ iOS កាលពីខែធ្នូ ឆ្នាំទៅមិញនេះ ដើម្បីផ្តល់ឱកាស​ឲ្យកុមារៗ​អាយុ​ក្រោម ១៣ឆ្នាំ អាចជជែកជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់​ពួកគេបាន ហើយក្រោយនេះ កម្មវីធីនេះ​ត្រូវបានពង្រីក​​​ទៅដល់​អ្នកប្រើប្រាស់ Android ថែមទៀត នៅក្នុង​សហរដ្ឋអាមេរិក កាណាដា និងប្រទេស​ដទៃទៀត។

ខណៈ Facebook ផ្ទាល់​បានលើកឡើងថា កម្មវីធីខាងលើ​ផ្តល់សិទ្ធិឲ្យ​ឪពុក-ម្តាយជា​អ្នកសម្រេចថា តើកូនៗរបស់​ពួកគេ​អាចជជែក​ជាមួយបុគ្គល​ណាខ្លះបាននោះ ​ក្រុមអ្នករិះគន់​នៅតែពុំមានភាពជឿជាក់​ ចំពោះចំណាត់ការផ្នែកសន្តិសុខរបស់ Facebook ជុំវិញការការពារ​​​​សិទ្ធិឯកជនភាពរបស់​កុមារឡើយ ហើយតែងតែ​បានជំរុញឲ្យ Facebook បិទកម្មវិធី​នេះចោលវិញ៕