(ញូយ៉ក)៖ អង្គការ​សហប្រជាជាតិ នៅថ្ងៃអង្គារ​សប្ដាហ៍នេះ​បានប្រកាសផ្ដល់​ជំនួយ ១៥លានដុល្លារ​អាមេរិកសម្រាប់​ជួយដល់ប្រជាជនរង​គ្រោះ ដោយសារតែ​គ្រោះរញ្ជួយដី​កម្រិត​ ៧.៥រ៉ិចទ័រ និងរលកយក្ស​ស៊ូណាមិ ដែលបានវាយប្រហារ​លើកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ប្រទេស​ឥណ្ឌូណេស៊ី កាលពីថ្ងៃ​សៅរ៍សប្ដាហ៍មុន។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៨។

ជំនួយជាថវិកា​ទាំងនេះបានមកពីមូលនិធិ​ នៃមជ្ឈមណ្ឌល​សង្រ្គោះបន្ទាន់ នឹងជួយដល់​ទីភ្នាក់ងារអង្គការ​សហប្រជាជាតិ ​ក្នុងការផ្ដល់ជំនួយដល់ប្រជាជន​ឥណ្ឌូណេស៊ី​រាប់ម៉ឺននាក់ ដែលកំពុងត្រូវការ​ជំនួយជាបន្ទាន់។ បន្ថែមពីលើនេះ​មូលនិធិទាំងនេះទៀតសោត ក៏​នឹងគំាទ្ររដ្ឋាភិបាលទីក្រុង​ហ្សាការតាផងដែរ ក្នុងការចំណាយ​លើជំរកស្នាក់នៅ​បណ្ដោះអាសន្ន ទឹកស្អាត សេវាកម្មថែទាំសុខភាព និងសេវាកម្មការពារ​ជាច្រើនទៀត។

គួរបញ្ជាក់ថា បើតាមតួលេខ​ផ្លូវការគិតត្រឹមថ្ងៃអង្គារ​ម្សិលមិញ​ មនុស្ស ១,២៣៤នាក់ បានស្លាប់ដោយសារ​គ្រោះរញ្ជួយដី​កម្រិត ៧.៥រ៉ិចទ័រ និងរលកយក្ស​ស៊ូណាមិ ដែលបានវាយប្រហារ​លើទីក្រុង ផាលូ (Palu) នៃកោះ Sulawesi កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន៕