(ម៉ូស្គូ)៖ មន្រ្តីជាន់ខ្ពស់​មួយរូបនៅវិមានក្រឹមឡាំង​បានបង្ហើប​ឲ្យដឹងថា​ ការចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​​​ ស្តីពីការប្រគល់​ប្រព័ន្ធ​​ខែល​ការពារ​មីស៉ីល S-400 ទៅឲ្យ​រដ្ឋាភិបាល​ទីក្រុងញូដេលី នឹងត្រូវធ្វើ​ឡើងនាអំឡុងដំណើរ​បំពេញទស្សនកិច្ច នៃប្រធានាធិបតីរុស្ស៉ី​លោក វ៉្លាឌីមៀ ពូទីន ទៅកាន់​ប្រទេស​ឥណ្ឌានាសប្តាហ៍នេះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៉ីនហួរ នៅ​​ព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។

ទីប្រឹក្សាគោល​នយោបាយការបរទេស​​របស់ លោក ពូទីន លោក យូរី សូហ្សាកូវ (Yury Ushakov) បាននិយាយថា លោក ពូទីន នឹងត្រូវចេញដំណើរ​ទៅ​កាន់ប្រទេសឥណ្ឌា នាថ្ងៃព្រហស្បតិ៍​ស្អែកនេះ ហើយចំណុចសំខាន់​នៃការបំពេញទស្សនកិច្ច​លើកនេះ គឺការចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងប្រគល់​ប្រព័ន្ធសព្វាវុធ S-400 ដែលមាន​តម្លៃជាង​៥ពាន់លានដុល្លារ។

គួរជម្រាបថា ទីក្រុងម៉ូស្គូ​បានស្ថិតក្រោមការចរចា​ជាមួយទីក្រុងញូដេលី ដើម្បីលក់ប្រព័ន្ធ​ខែលការពារ​ដែនអាកាស S-400 អស់រយៈ​ពេល​ជាច្រើនខែមកហើយ ហើយ​គម្រោង​នេះ​បានធ្វើឲ្យទីក្រុង​វ៉ាស៉ីនតោន ដែលជាដៃគូ​នៃវិស័យការពារជាតិ​របស់ឥណ្ឌា នៅមិន​សុខ​ជាខ្លាំង រហូតមានដល់ការ​គំរាមដាក់​ទណ្ឌកម្ម​ថែម​ទៀត។ ជុំវិញ​បញ្ហានេះ ឥណ្ឌា​បានឲ្យតំរុយថា ខ្លួននឹងស្នើឲ្យ​មានការលើក​លែង​​ទណ្ឌកម្មពីវ៉ាស៉ីនតោន ប៉ុន្តែមិនដឹង​ថានឹងបានសម្រេចដែរ ឬក៏អត់នោះ​ឡើយ៕