(សេអ៊ូល)៖ កូរ៉េខាងជើងមិន​ចង់បានសន្ធិសញ្ញាប្រកាសបញ្ចប់សង្រ្គាម​កូរ៉េឡើយ បើសិនជា​សហរដ្ឋអាមេរិកមិន​ចង់បាន ហើយថា​ការប្រកាស​បិទបញ្ចប់សង្រ្គាម​កូរ៉េជាផ្លូវការ មិនគួរត្រូវបាន​គេប្រើប្រាស់​ជាលក្ខខណ្ឌ​ នៅក្នុងកិច្ចចរចា​ស្ដីពីការរំសាយ​អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីប​កូរ៉េនោះឡើយ។ នេះ​បើតាម KCNA ដកស្រង់​ដោយ​ទីភ្នាក់ងារសារ​ព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។

សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ធ្វើការកត់​សម្គាល់​បែបនេះ​ ក្នុងបទអត្ថាធិប្បាយជា​ភាសាអង់គ្លេសមួយ​នៅថ្ងៃអង្គារនេះ តែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីរដ្ឋមន្ត្រី​កូរ៉េខាងជើង លោក រី យ៉ុងហូ បានបញ្ជាក់​ប្រាប់មហាសន្និបាត​នៃអង្គការសហប្រជាជាតិថា ទីក្រុង ព្យុងយ៉ាង​នឹងមិនរំសាយ​អាវុធនុយក្លេអ៊ែរ បើសហរដ្ឋអាមេរិក​នៅតែប្រកាន់​គោលនយោបាយ​អរិភាព ប្រឆាំងនឹងរបបដឹកនាំ​លោក គីម ជុងអ៊ុន ដដែលនោះ។

KCNA បានគូស​បញ្ជាក់ដូច្នេះថា «បើទោះជាសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានបង្កើតទំនាក់ទំនងថ្មីមួយ ក្រោយជំនួបរវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏ដោយ ​ប៉ុន្តែបើសិនជាសហរដ្ឋអាមេរិក មិនចង់បាន​សន្ធិសញ្ញាប្រកាស​បញ្ចប់សង្រ្គាម​កូរ៉េទេនោះ​ កូរ៉េខាងជើងក៏​មិនចង់បានដែរ។ ម្យ៉ាងវិញទៀត ការ​ប្រកាសបិទបញ្ចប់​សង្រ្គាមកូរ៉េជាផ្លូវការ ក៏មិនគួរត្រូវបាន​គេប្រើប្រាស់ជា​លក្ខខណ្ឌ នៅក្នុងកិច្ចចរចាស្ដី​ពីការរំសាយ​អាវុធនុយក្លេអ៊ែរ​នៅលើឧបទ្វីប​កូរ៉េ នោះដែរ»

គួរបញ្ជាក់ថា មកទល់​នឹង​ពេលនេះស្ថានភាព​នៅលើឧបទ្វីបកូរ៉េ​ នៅតែស្ថិតនៅក្នុងភាព​ប្រកាសសង្រ្គាម​ជានិច្ច​ ដ្បិតសង្រ្គាមកូរ៉េ ​(ឆ្នាំ១៩៥០-១៩៥៣) បានបញ្ចប់​ទៅដោយបទឈប់បាញ់តែ​ប៉ុណ្ណោះ មិនមែនជា​សន្ធិសញ្ញាបញ្ចប់សង្រ្គាម​ជាអចិន្ត្រៃយ៍នោះឡើយ ប៉ុន្តែប្រទេស​កូរ៉េទាំងពីរ​ហាក់បង្ហាញការចង់​បានដូចគ្នានា​ប៉ុន្មានទសវត្សរ៍មកនេះ ឲ្យកិច្ចព្រម​ព្រៀងសន្តិភាព​បង្កើតឡើង ដើម្បីឲ្យ​ឧបទ្វីបកូរ៉េអាចដក​ខ្លួនឆ្ងាយពីមាត់​ជ្រោះ​សង្គ្រាម៕