(ហាណូយ)៖ អតីតអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម លោក ឌូ ម៉យ (Do Muoi) បានទទួលមរណភាពហើយ​កាលពីយប់ថ្ងៃចន្ទ​ក្នុងវ័យ ១០១ឆ្នាំ។ នេះបើតាម​សារព័ត៌មាននៅ​ក្នុងស្រុក ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។

យោងតាមទីភ្នាក់ងារ​សារព័ត៌មានរដ្ឋ​វៀតណាម លោក Do Muoi បានទទួល​មរណភាព នៅម៉ោង ១១៖១២នាទីយប់ នៅឯមន្ទីរ​ពេទ្យមួយក្នុងទីក្រុងហាណូយ បន្ទាប់ពីសម្រាក​ព្យាបាលជំងឺ​អស់រយៈពេលជាច្រើនខែ។ លោក Do Muoi កើត​នៅខែកុម្ភៈ ឆ្នាំ១៩១៧ ក្នុង​សង្កាត់ ថាញ់ទ្រី (Thanh Tri) នៃទីក្រុង​ហាណូយ ហើយលោក​ធ្លាប់កាន់តំណែង​ជាអតីតអគ្គលេខាធិការ​គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម​ពីខែមិថុនា ឆ្នាំ១៩៩១ ដល់ខែធ្នូ ឆ្នាំ១៩៩៧។

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋវៀតណាម លោក Do Muoi បានដឹកនាំ​ប្រទេសវៀតណាម​ ជាមួយការធ្វើ​កំណែទម្រង់​នយោបាយ​ថ្មីជាច្រើន និងអភិវឌ្ឍន៍ប្រទេស រួមទាំង​វិស័យការពារជាតិ៕