(គែរ)៖ ក្រុមបុរាណ​វិទូអេហ្ស៉ីប​បានប្រទះឃើញ​រូបគំនូរលើចម្លាក់ថ្ម​ ដ៏ចំណាស់ចំនួន ០២ផ្ទាំង នៅខេត្ត អាស្វាន (Aswan) នៅភាគអាគ្នេយ៍​ប្រទេស​។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។

របកគំហើញ​ខាងលើត្រូវបាន​ធ្វើឡើង ដោយក្រុមបេសកកម្ម​របស់អ្នកបុរាណវិទ្យា នៅឯប្រាសាទ ខុមអុំបូ (Kom Ombo) ក្នុងខេត្ត Aswan។ យោង​តាមការឲ្យ​ដឹងពីប្រធានក្រុមប្រឹក្សា​កំពូល​ ទទួលបន្ទុក​លើវត្ថុបុរាណ​នៃប្រទេស​អេហ្ស៉ីប ផ្ទាំងគំនូរ​ទីមួយ គឺជារបស់​​ព្រះចៅ សេទី (Seti) ទីមួយនៃ​​​រជ្ជកាលទី ១៩ (19th Dynasty) ដែលបានគ្រប់គ្រង​​អេហ្ស៉ីបចាប់ពីឆ្នាំ១២៩០ រហូតដល់ឆ្នាំ១២៧៩ មុនគ្រិស្តសករាជ រីឯរូបមួយផ្ទាំងមួយទៀត​ជា​របស់​​ព្រះចៅ ផាតូឡេមី ទីបួន (Ptolemy 4th) ដែលបាន​គ្រប់គ្រងអេហ្ស៉ីប​ពីឆ្នាំ២២១ រហូតដល់ឆ្នាំ២០៤ មុនគ្រិស្តសករាជ។

គួរជម្រាបថា ផ្ទាំងគំនូរ​ទីមួយមានបណ្តោយ​ប្រវែង ​២.៣ម៉ែត្រ និងទទឹង​ ០១ម៉ែត្រ ខណៈមួយទៀត​​មានបណ្តោយ ៣.២៥ម៉ែត្រ និង​ទទឹង​ ១.១៥ម៉ែត្រ ហើយទាំងពីរផ្ទាំង​មានកម្រាស់ ​៣០សង់ទីម៉ែត្រ។ ផ្ទាំងគំនូរទីមួយ​បង្ហាញឲ្យឃើញ ព្រះចៅ Seti ទី១ កំពុងឈរនៅ​មុខ​​អាទិទេព​អេហ្ស៉ីបឈ្មោះ ហរ៉ូស (Horus) និង សូបេក (Sobek) ដោយ​មាន​ព្រះអាទិត្យ​នៅពីខាងលើ ដែលតំណាង​ឲ្យ​ការថែរក្សាការពារ។ សម្រាប់​​គំនូរ​ទី​​​ ២ វាស្តែង​ឲ្យ​ឃើញពី​​ព្រះចៅ Ptolemy ទីបួន និងព្រះមហេសី ព្រមទាំងអាទិទេពរបស់​អេហ្ស៉ីប៕