(តេហេរ៉ង់)៖ កងកម្លាំង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់​មីស៊ីលជាច្រើនគ្រាប់​​លើមូលដ្ឋាន​របស់ក្រុម​សកម្មប្រយុទ្ធ​នៅក្នុងប្រទេស​ស៊ីរី ដែលទីក្រុងតេហេរ៉ង់បានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវចំពោះ​ការវាយប្រហារភេរវកម្ម​ នៅក្នុងទីក្រុងអាវ៉ាស (Ahvaz) កាលពីខែកញ្ញា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ​ ទី០១ ខែតុលា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដី​ថ្លែងការណ៍ចេញ​ផ្សាយនៅថ្ងៃចន្ទនេះ កងកម្លាំងឆ្មំា​បដិវត្តន៍អ៊ីរ៉ង់បាន​បញ្ជាក់ទៀតថា ក្រុមសកម្មប្រយុទ្ធ​​ត្រូវបាន​សម្លាប់ នៅក្នុងវាយប្រហារ​ដោយគ្រាប់មីស៊ីល​នៅតំបន់ អាល់ប៊ូ កាម៉ាល់ (Albu Kamal) ស្ថិតនៅភាគ​ខាងកើត​ប្រទេសស៊ីរី។ បន្ថែមពី​លើនេះ​សេចក្ដីថ្លែង​ការណ៍ដដែល​ក៏បានឱ្យដឹងដែរ​ថា មីស៊ីល​០៦គ្រាប់​ត្រូវបានបាញ់​ចេញពីភាគខាងលិច​ទឹកដីអ៊ីរ៉ង់ តម្រង់ទៅ​កាន់គោលដៅក្នុង​ប្រទេសស៊ីរី។

ប៉ុន្តែអ្វីដែល​គួរឱ្យកត់សម្គាល់នោះគឺថា នៅលើគ្រាប់​មីស៊ីលមួយ​ក្នុងចំណោមមីស៊ីល​ទាំងនេះ កងកម្លាំងអ៊ីរ៉ង់​បានសរសេរ​ពាក្យស្លោក​មួយឃ្លា ផ្ញើទៅកាន់​សហរដ្ឋអាមេរិក​ដែលមាន​ន័យយ៉ាងដូច្នេះថា «ស្លាប់ទៅសហរដ្ឋអាមេរិក ស្លាប់ទៅគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត និង​ស្លាប់ទៅ​អ៊ីស្រាអែល»

គួររំលឹកថា កាលពី​ថ្ងៃទី២២ ខែកញ្ញាកន្លងទៅមនុស្ស ២៥នាក់ ដែលក្នុងនោះ ១២នាក់ ជាសមាជិកកងកម្លាំងឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់ ត្រូវបាន​សម្លាប់នៅ​ក្នុងការបាញ់ប្រហារ​ លើក្បួនព្យុហយាត្រា​យោធា​មួយក្នុងទីក្រុង Ahvaz ដើម្បីរំលឹកដល់​ខួបនៃការចាប់ផ្ដើម​សង្រ្គាម អារ៉ាក់-អ៊ីរ៉ង់(១៩៨០-១៩៨៨)។

ភ្លាមៗនោះដែរ ក្រុម ISIS និងក្រុមចលនា​តស៊ូឈ្មោះថា The Ahvaz National Resistance បានចេញមុខ​ទទួលខុសត្រូវ ខណៈអ៊ីរ៉ង់បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់​រួម គឺជាអ្នកទទួល​ខុសត្រូវចំពោះ​ការវាយប្រហារនេះ ដែលនឹង​ត្រូវទទួលការសងសឹក​យ៉ាងសាកសម​ពីអ៊ីរ៉ង់៕