(ប៉ារីស)៖ រូបថតប៉ុន្មានសន្លឹកដែលប្រធានាធិបតី​បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ថតជា​មួយយុវជនពីរ​នាក់ កំពុងបង្កជាភាព​ចម្រូងចម្រាស និងការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងចំណោមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម​នានា នៅក្នុងប្រទេស​បារាំង។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។

រូបថតរបស់លោក ម៉ាក្រុង ថតជាមួយយុវជនពីរនាក់ ដែលក្នុងនោះមាន​ម្នាក់​បានលើក​ម្រាមដៃ​កណ្ដាល (កាយវិការដ៏ឈ្លើយ​របស់ជនជាតិ​លោក​ខាងលិច) ត្រូវបានថត​កាល​ពីថ្ងៃទី២៩ ខែកញ្ញា​កន្លងទៅ នៅអំឡុងពេល​ប្រធានាធិបតីបារាំង​រូបនេះ បំពេញដំណើរ​ទស្សនកិច្ចទៅ​កាន់កោះ សាំងម៉ាតាំង (Saint-Martin) ​ដើម្បីសួរសុខ ទុក្ខប្រជាជន​រងគ្រោះដោយ​សារព្យុះ ហ៊ឺរីខិន អឺម៉ា (hurricane Irma) កាលពីឆ្នាំមុន។ លើសពីនេះ​ទៅទៀត យុវជនម្នាក់ក្នុង​ចំណោមយុវជនទាំងពីរនាក់ខាង​លើ ថែម​ទាំងប្រាប់​លោក ម៉ាក្រុង ទៀតថា រូបគេគឺជាចោរម្នាក់ និងទើបតែចេញពីគុកនាពេលថ្មីៗនេះ រីឯលោក ម៉ាក្រុង បានឆ្លើយ​តបថារូបគេគួរតែបំភ្លេច​អតីតកាល ហើយយល់ព្រមរួម​រស់ជាមួយ​សង្គមវិញ។

ក៏ប៉ុន្តែ​ភាពចម្រូចម្រាស និងការខឹងសម្បារ​បានផ្ទុះឡើងភ្លាមៗ នៅពេលដែល​រូបថតរបស់លោក ម៉ាក្រុង ជាមួយយុវជន​ទាំងពីរត្រូវបាន គេបង្ហោះ​នៅលើបណ្ដាញ​ទំនាក់ទំនងសង្គម រហូតដល់ធ្វើ​ឱ្យអ្នកខ្លះចាត់ទុកថា នេះគឺជារឿង​ជាគួរឱ្យសោកស្ដាយ ខណៈមេដឹកនាំ បក្សប្រឆាំង​លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ​បានយករូប​នេះទៅបង្ហោះបន្ត និងសរសេរលើ Twitter យ៉ាងដូច្នេះថា «យើង មិនអាច​រកពាក្យអ្វីមក​រ៉ាយរ៉ាប់​ពីការខឹងសម្បារ​របស់យើងនោះទេ... តែជាការពិតណាស់​បារាំងមិនសមជួប​រឿងបែបនេះ​សោះ។ វាគឺជារឿងមិនអាចអត់ឱនឱ្យបាន....»

ទោះបីជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប​លោក អែមម៉ានុយអែល ម៉ាក្រុង បានចេញ​មុខការពារសកម្មភាពរបស់​លោក ជាមួយការ​អះអាងយ៉ាងច្បាស់លាស់ថា គោលបំណង​របស់លោក​ក្នុងដំណើរទស្សនកិច្ច​នោះ គឺជួយដល់យុវជន​ទាំងអស់​ដែលកំពុងរស់​នៅលើ Saint-Martin តែប៉ុណ្ណោះ៕