(ហ្សាការតា)៖ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​នាថ្ងៃចន្ទនេះ បានអំពាវនាវ​សុំការជួយពី​អន្តរជាតិ ក្រោយពី​ប្រទេសអាស៊ាន​មួយនេះ បានទទួល​រង​ការវាយប្រហារ​យ៉ាងដំណំ ដោយគ្រោះរញ្ជួយដី និងរលកយក្ស​ស៊ូណាមិ​នៅកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ដែលបានផ្តាច់ជីវិត​មនុស្ស គិតមក​ទល់​ពេល​នេះ​​បាន​កើនឡើងដល់ ៨៣២នាក់។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មាន​បារាំង AFP នៅ​ព្រឹកថ្ងៃចន្ទ ទី​០១ ខែតុលា ឆ្នាំ២០១៨។

ប្រធានផ្នែក​វិនិយោគនៃរដ្ឋាភិបាល​ឥណ្ឌូណេស៊ី លោក ថម ឡេមបុង (Tom Lembong) បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានចុះ​ទៅកាន់តំបន់រងគ្រោះ​ដោយផ្ទាល់កាលពី​ម្សិលមិញ បានអនុញ្ញាតឲ្យ​បើកទ្វារទទួលជំនួយ​ពីអន្តរជាតិ សម្រាប់ការឆ្លើយតប​ជាចាំបាច់​ចំពោះ​គ្រោះមហន្តរាយ។

បន្ថែមពីនេះ​​ទីភ្នាក់ងារ និងអង្គការក្រៅរដ្ឋាភិបាល (NGOs) នានា ព្រមទាំង​រដ្ឋាភិបាល​បរទេស​រួមមាន អូស្រ្តាលី ថៃ នូវែលសេឡង់ ​និងតួកគី ជាដើម​នោះ បានតម្រង់ជួរគ្នា​ដើម្បីត្រៀមផ្តល់​ជំនួយ ខណៈដែល​រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងជួប​ការ​លំបាក​​ក្នុង​ការ​កំណត់​​ទំហំ​​ទាំង​ស្រុង​​នៃ​ការ​បំផ្លិច​បំផ្លាញ ដោយសារ​គ្រោះធម្មជាតិ​ដ៏អាក្រក់នេះនៅឡើយ។

គួរជម្រាបថា ​អាជ្ញាធរឥណ្ឌូណេស៊ី​កំពុងខ្នះខ្នែងនាំយក​ស្បៀងអាហារ និង​បរិក្ខាចាំ​បាច់ផ្សេងៗ​ទៅកាន់កោះ Sulawei ​នាថ្ងៃចន្ទនេះ ស្របពេលដែល​ចំនួនមនុស្សបាត់​បង់ជីវិត ច្បាស់ណាស់ថា នឹងបន្តកើនឡើង​ថែមទៀត នារយៈពេល ០៣​ថ្ងៃ ​ក្រោយ​​ការ​​វាយ​​​ប្រហារ​ពីរញ្ជួយដី​កម្រិត ៧.៧រ៉ិចទ័រ (ក្រោយមកត្រូវបានទម្លាក់មក ៧.៥រ៉ិចទ័រ) និងរលកយក្ស​ស៊ូណាមិ ដែលបង្កឡើង​ដោយគ្រោះរញ្ជួយដី​នេះ៕