(អង់ការ៉ា)៖ ដោយសារមានការឱនភាពសេដ្ឋកិច្ចរហូតដល់១៥.៤ភាគរយ នៅក្នុងខែកញ្ញានេះ ក្តីបារម្ភក៏​លើ​សេដ្ឋកិច្ច តួកគី​មាន​ការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​ស្រប​ពេល​ដែល​ប្រទេសនេះកំពុងព្យាយាមដោះស្រាយនឹងវិបត្តិសេដ្ឋកិច្ចខ្លួន។

ស្របពេលដែលមានវិបត្តិសេដ្ឋកិច្ចនេះដែរ ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយឈ្មោះថា Tofas នឹងផ្អាក​ដំណើរ​ការ​រោង​ចក្រ​របស់​ខ្លួន​នៅ​ឯ​ខេត្ត Bursa ភាគពាយព្យប្រទេសតួកគីរយៈពេល០៩ថ្ងៃ ដោយគិតចាប់ពីខែតុលាខាងមុខ ដោយ​សារ​មាន​ការធ្លាក់​ចុះ​តម្រូវ​ការ​ទីផ្សារ​ក៏ដូច​ជា​ការ​បាត់​បង់​ភាគ​ហ៊ុន​ចំនួន៥ភាគរយដែរនោះ។

បើយោងទៅតាមទិន្នន័យប្រមូលដោយ វិទ្យាស្ថានស្ថិតិតួកគី (TurkStat) សន្ទស្សន៍​ភាព​ទំនុក​ចិត្ត​លើ​សេដ្ឋកិច្ច​របស់តួកគី​បាន​ធ្លាក់​ចុះ​រហូតទៅ៧១ឯកតា គិតពីខែកក្កដា មកត្រឹមខែកញ្ញាកន្លងទៅនេះ។

នេះគឺការធ្លាក់ចុះខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្រតួកគីតាំងពីឆ្នាំ២០០៩មក។ សន្ទស្សន៍ភាពទំនុកចិត្តលើសេដ្ឋកិច្ច ចង្អុលបង្ហាញពី ការ​ព្យាករ​សេដ្ឋកិច្ចដែលមានភាពវិជ្ជមានរបស់សេដ្ឋកិច្ចសម្រាប់ពិន្ទុ១០០ឡើង និងអវិជ្ជមានសម្រាប់ពិន្ទុតិចជាង១០០។

រូបិយប័ណ្ណលីរ៉ារបស់តួកគី បានទទួលរងអតិផរណាដែលបណ្តាលឲ្យតម្លៃធ្លាក់ចុះរហូតដល់៤០ភាគរយ ក្នុងឆ្នាំនេះ ដោយ​សារ​ក្តី​បារម្ភ​ពី​ការជ្រៀតជ្រែកនិងក៏ដូចជាឥទ្ធិពលរបស់លោក Erdogan ទៅលើគោលនយោបាយហិរញ្ញវត្ថុ រួមទាំង​ការ​មិន​ចុះ​សម្រុង​ជាមួយ​នឹង​មហាយក្ស​អាមេរិក ហើយទាំងនេះបានបណ្តាលឲ្យក្រុមហ៊ុនផលិតធំៗបាត់បង់ទំនុកចិត្ត។

Tofas គឺជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនសំខាន់ទាំង ៥ ក្នុងការផលិកគ្រឿងយន្តទៅតួកគី ហើយក៏ជាអ្នកនាំចេញប្រមាណ ២០ភាគរយនៃបរិមាណនាំចេញទាំងអស់និង ៨០ភាគរយនៃបរិមាណផលិតសរុបសម្រាប់ការផ្គត់ផ្គង់។ ការ​នាំ​ចេញ​របស់​ក្រុមហ៊ុន​នេះ​បាន​ឡើងដល់១.៣លានគ្រឿងនៅក្នុងឆ្នាំមុន តែធ្លាក់ចុះប្រមាណ៥.៥ភាគរយគិតត្រឹមខែសីហា ឆ្នាំ២០១៨នេះ។

នៅក្នុងស្រុកវិញ ផ្នែកផលិតគ្រឿងយន្តនេះបានធ្លាក់ចុះកម្រិតការលក់របស់ខ្លួនរហូតដល់២១ភាគរយ ក្នុងរយៈពេល០៨ខែដំបូងក្នុងឆ្នាំ ២០១៨ ហើយការធ្លាក់ចុះនេះកាន់តែកើនឡើងក្នុងខែសីហាតែម្តង ស្របពេលដែលទីផ្សាររបស់ខ្លួនបានបាត់បង់អស់៥៣ភាគរយ។ ទន្ទឹមនឹងនេះការផលិតក៏ថយចុះជាង៣៤ភាគរយដែរ។

ទិន្នន័យសេដ្ឋកិច្ចប្រចាំខែនេះ គឺមានសភាពធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល០៩ឆ្នាំចុងក្រោយនេះ។ ស្របពេលនេះដែរ អតិផរណា​ក៏​បាន​កើន​ឡើងខ្ពស់បំផុតក្នុងរយៈពេល១៥ ឆ្នាំ ហើយនឹងអាចឡើងដល់២០ភាគរយ ក្នុងឆ្នាំ២០១៨នេះ។ ធនាគារ​កណ្តាល​ បាន​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ទៅដល់៦.២៥ភាគរយ និងអនុវត្តកម្មវិធីសេដ្ឋកិច្ចដើម្បីស្ដារស្ថានភាពឡើងវិញ។

នៅក្នុងគម្រោងនេះ តួកគីសម្រេចបានច្រើនជាងការព្យាករណ៍សម្រាប់ឆ្នាំ២០១៨ និងឆ្នាំក្រោយទៀត តែមិន​​អាច​​ផ្តល់​ទំនុក​ចិត្ត​ឲ្យ​បណ្តា​អ្នក​បណ្ដាក់ទុន ដែលចង់ទទួលការវិភាគច្បាស់ពីសេដ្ឋកិច្ច និងគម្រោងក្នុងការផ្តល់ជំនួយដល់ធនាគារបាន ដោយ​សារ​សេដ្ឋ​កិច្ច​មិន​នឹង​នរ​បែបនេះ។

ធនាគារ Akbank ដែលជាធនាគារធំជាងគេលេខ០៥ នៅតួកគីបានតម្កល់ទុកទឹកប្រាក់ចំនួន៩៨០លានដុល្លារកាលពី ហើយ​ឯកភាព​នឹង​បង្កើត​បរិមាណបុព្វលាភក្នុងការផ្តល់ឥណទាននៅខែមីនា ដើម្បីទប់នឹងហានិភ័យដែលធនាគារកំពុងប្រឈមមុខ។ រូបិយប័ណ្ណតួក​គីទើប​​ទទួល​បាន​ស្ថិរ​ភាព​តម្លៃ នាពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលក្នុងនោះ៦.០៨៧លីរ៉ា ស្មើនឹង១ដុល្លារអាមេរិក។ នេះអាច​ចាត់​ទុក​ថា​ជា ភាព​ប្រសើរឡើងវិញបើធៀបនឹងតម្លៃ៧.២៤ លីរ៉ា ស្មើ១ដុល្លារកាលពីខែកន្លងទៅ។

គួរជម្រាបថា បណ្ដាញសារព័ត៌មាន Reuters ក៏បានរាយការណ៍ថាមានក្រុមហ៊ុនចិនធំៗមួយចំនួន ដែលរាប់បញ្ចូលទាំង Alibaba កំពុង​តែស្វែងរកឱកាសផ្សេងៗនៅក្នុងប្រទេសតួកគី និង​ព្រម​ទាំងបាន​​ជួប​ជាមួយ​ក្រុមហ៊ុនតួកគី​ក្រោយ​ពី​ដឹង​ថា​តម្លៃ​នៃ​ទំនិញ​ក្នុង​ស្រុក​ធ្លាក់​ចុះ៕

ប្រភពព័ត៌មាន៖ Reuters