(យូអិន)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្ហាញពីឆន្ទៈ​ក្នុងការជួបចរចា​គ្នាជាមួយ​​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលបានបន្ត​ដាក់ទណ្ឌកម្មមក​លើរដ្ឋាភិបាល​របស់លោក តាំងតែពី​ឆ្នាំ២០១៧មក។ នេះ​បើ​តាម​​ការ​ដកស្រង់​ការ​ផ្សាយ​​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងក្នុងវេទិកាជជែក​ដេញដោល នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅឯទីក្រុងញូយ៉ក សហរដ្ឋអាមេរិក លោក ម៉ាឌូរ៉ូ បាន​​លើក​ឡើងថា ទោះ​បីជា​មាន​ភាព​ខុសគ្នាខ្លាំងទាំងផ្នែក​ប្រវត្តិសាស្រ្ត មនោគមន៍វិជ្ជា និងសង្គមក៏ដោយ រូបលោកនឹង​សុខចិត្ត​ជួប​មុខ​និយាយ​គ្នា​​ជាមួយ​លោក ដូណាល់ ត្រាំ។

គួរជម្រាបថា ការបង្ហាញឆន្ទៈ​របស់លោក ម៉ាឌូរ៉ូ បានកើតមានឡើង​បន្ទាប់ពី​លោក ដូណាល់ ត្រាំ ថ្លែងក្នុងវេទិកា​ខាងលើដូចគ្នា បាន​ធ្វើ​ការ​​រិះ​គន់​​ទៅលើលោក ម៉ាឌូរ៉ូ និងបានប្រកាសអំពី​កញ្ចប់ទណ្ឌកម្មថ្មី ប្រឆាំង​នឹងរដ្ឋាភិបាល​វេណេស៊ុយអេឡា ប៉ុន្តែទន្ទឹមនឹងនោះ លោក ត្រាំ ក៏បានបញ្ជាក់​ផងដែរថា រូបលោកបើកទ្វារចំហជានិច្ច ដើម្បីរង់ចាំការ​ជួបចរចាគ្នាជាមួយ​វេណេស៊ុយអេឡា៕