(ញូយ៉ក)៖ បន្ទាប់ពីទើប​បង្កបញ្ហាធ្ងន់ធ្ងរបន្ថែមដល់ចិន តាមរយៈការដំឡើងពន្ធ​ជាង ២០០ពាន់លានដុល្លារ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ​សប្ដាហ៍នេះ​បានទទួលស្គាល់ថា ទំនាក់ទំនងរវាង​លោក និង​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹង​បញ្ចប់គ្រប់​ពេលវេលា ដោយសារ​តែទីក្រុងប៉េកាំង​ព្យាយាមលូកដៃចូល​ក្នុងកិច្ចការបោះឆ្នោតសភា​អាមេរិកពាក់​កណ្ដាលអាណត្តិ​ ដែលគ្រោងនឹងធ្វើឡើង​នៅខែវិច្ឆិកា​ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់​បែបនេះ​ នៅក្នុងសន្និសីទ​សារព័ត៌មាន​មួយ ក្រោយបញ្ចប់សុន្ទកថារបស់​លោក នៅឯក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុងទីក្រុងញូយ៉ក។​ ថ្លែងដោយ​គ្មានបញ្ជាក់ភស្ដុតាង លោក ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះថា «លោក ស៊ី ជិនពីង អាចនឹងមិនមែនជាមិត្ត​របស់ខ្ញុំ។ ប៉ុន្តែខ្ញុំគិតថា​គាត់អាចនឹងនៅ​តែគោរពខ្ញុំ... ហើយរឿងកាន់តែ​សោកស្ដាយជាងនេះ ទៅទៀតគឺថា​ពួកយើងបានរកឃើញ​ថា ចិនបាន និងកំពុងព្យាយាម​លូកដៃចូលក្នុង​កិច្ចការបោះឆ្នោត​សភាពាក់​កណ្ដាលអណត្តិ នៅខែវិច្ឆិកា​ខាងមុខនេះ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល​របស់ខ្ញុំ។ ពីព្រោះពួកគេ​មិនចង់ឱ្យខ្ញុំឈ្នះ​ ដោយសារតែខ្ញុំគឺជាប្រធានាធិបតី អាមេរិក​តែម្នាក់គគ់ដែលហ៊ាន​ប្រឈមុខជាមួយចិន​ ក្នុងជម្លោះ​ពាណិជ្ជកម្ម»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់ហៅ​លោក ស៊ី ជិនពីង ថា​មិត្តល្អម្នាក់របស់លោក​ពេញៗមាត់ សម្រាប់ការចូលរួម​ដាក់សម្ពាធ ប្រឆាំងនឹង​កូរ៉េខាងជើង។ ប៉ុន្តែ​ទំនាក់ទំនងល្អនេះបានត្រឹមតែ​ប៉ុន្មានខែប៉ុណ្ណោះ វាក៏ប្រែជា​ល្អក់កករ​វិញបន្ទាប់ពី​លោកត្រាំ ប្រកាស​ដំឡើងពន្ធលើការនាំ​ចូលដែកថែប និង​អាលុយមីញ៉ូម។ ម្យ៉ាងវិញទៀត រឹតតែអាក្រក់​ទៅទៀតនោះគឺថា ការដំឡើងពន្ធ ២០០ពាន់ លានដុល្លារ​លើផលិតផលនាំចូល​ពីចិន​របស់សហរដ្ឋអាមេរិក បានចូលជា​ធរមានហើយ​កាលពីថ្ងៃចន្ទ ខណៈចិនសងសឹក ជាមួយការ​ដំឡើងពន្ធ ៦០ពាន់លានដុល្លារ៕