(ការ៉ាកាស់)៖ ក្រោយមាន​ការព្រមានពី​​​រដ្ឋមន្រ្តី​ការបរទេសអាមេរិក ទីបំផុតទីក្រុង​​វ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មថ្មី​ទៀត​ប្រឆាំង​នឹង​​វេណេស៊ុយអេឡា ដោយ​លើក​នេះ​​ទៅ​​លើ​​លោក​ជំទាវទី ១ ដែលជាភរិយា​របស់លោក នីកូឡាស់ ម៉ាឌូរ៉ូ រួមជាមួយនិង​មន្រ្តី​កំពូលៗ​មួយ​​ចំនួន​ទៀត​។ នេះបើតាមការ​ប្រកាស​របស់ក្រសួងហិរញ្ញ​វត្ថុអាមេរិក ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៉ីនហួរ នៅ​រសៀលថ្ងៃ​ពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

ក្រៅពីលោកស្រី ស៊ីលីយ៉ា ហ្វ្លរែស ម៉ាឌូរ៉ូ (Cilia Flores Maduro) ​​មន្រ្តីជាន់ខ្ពស់វេណេស៊ុយអេឡា​ចំនួន ០៦រូបទៀត ដែល​សុទ្ធជា​មនុស្សជំនិត​របស់​ប្រធានាធិបតី​​វេណេស៊ុយអេឡា រួមមានទាំងអនុ​ប្រធានាធិបតី​លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គែស (Delcy Rodriguez) និងរដ្ឋមន្រ្តីការពារជាតិ លោក វ្លាឌីមៀ ផាទ្រីណូ (Vladimir Padrino) នោះក៏ត្រូវរងការទណ្ឌកម្ម​ពីសហរដ្ឋអាមេរិក​ផងដែរ។
ទណ្ឌកម្មថ្មីនេះ​នឹងបង្ករាល់ទ្រព្យសម្បត្តិ​ទាំងអស់ របស់បុគ្គលជាប់​ឈ្មោះក្នុង​បញ្ជីខ្មៅ​ទាំងនេះមាន នៅក្រោមដែនសមត្ថកិច្ច​របស់អាមេរិក ហើយហាម​រាល់ពលរដ្ឋ​ឬក្រុមហ៊ុន​អាមេរិក ធ្វើប្រតិបត្តិការអាជីវកម្ម​ជាមួយ​បុគ្គល​ទាំង​នេះឡើយ។

គួរជម្រាបថា សហរដ្ឋអាមេរិក​បាននិងកំពុងបង្កើតវិធានការ​របស់ខ្លួន ដើម្បីដាក់​សម្ពាធទៅលើ​វេណេស៊ុយអេឡា តាមរយៈការ​បញ្ចេញ​​ទណ្ឌកម្មជា​បន្តបន្ទាប់ ដោយក្នុងនោះ​ក៏មានការដាក់ទៅ​លើលោក Maduro ផ្ទាល់ផងដែរ។ ជាការ​ឆ្លើយតប វេណេស៊ុយអេឡា​បាន​ប្រកាសថា ខ្លួនមិនទទួល​ស្គាល់ទណ្ឌកម្មណាមួយ ដែលពុំមាន​ការអនុញ្ញាតពីអង្គការ​សហប្រជាជាតិ​នោះទេ៕