(ញូយ៉ក)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានធ្វើឱ្យមេដឹកនាំ​ពិភពលោកជាច្រើនផ្ទុះ​សំណើចឥតព្រៀងទុក នៅពេល​ដែលលោក​ប្រាប់មហាសន្និបាត​អង្គការសហប្រជាជាតិថា «សេដ្ឋកិច្ចអាមេរិក​កំពុងស្គាល់ភាពរុង​រឿង​បំផុត មិនធ្លាប់មាន​ពីមុនមក»។ នេះ បើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅ​ថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

នៅក្នុងសុន្ទរកថា​ប្រចាំឆ្នាំរយៈពេល ៣៥នាទី ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារ​សប្ដាហ៍នេះ​លោក ដូណាល់ ត្រាំ ថែមទាំង​អះអាង​ទៀតថា លោកសម្រេច​បាននូវសមិទ្ធផល​ជាច្រើន ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ដែលរដ្ឋបាល​អាមេរិកមុនៗ​មិនអាចធ្វើបាន។ ប៉ុន្តែគ្រាន់តែ​ថ្លែងបែបនេះភ្លាម មេដឹកនាំ និងក្រុមប្រតិភូ​រដ្ឋាភិបាលជាច្រើន​​បែរជានាំគ្នាសើច​ទៅវិញ​ ជាពិសេស នៅពេល​លោក ត្រាំ ព្រមានថា​អាល្លឺម៉ង់អាចនឹងពឹង​ផ្អែកទាំងស្រុងលើ​ថាមពលរុស្ស៊ីក្រុមប្រតិភូ​រដ្ឋាភិបាល​អាល្លឺម៉ង់នាំគ្នា​ផ្ទុះសំណើចភ្លាមៗ។

ម្យ៉ាងវិញទៀត ក្រោយឃើញមេដឹកនាំ​ទាំងនេះសើច លោក ដូណាល់ ត្រាំ បានត្រឹមតែ​និយាយថា លោកមិនរំពឹងថាមានប្រតិកម្មបែបនេះសោះ ​តែលោកថា «វាមិនមានបញ្ហាអីនោះទេ»។ តែទោះបីជាយ៉ាងនេះក្ដី ប្រធានាធិបតី​អាមេរិករូបនេះ​បានអះអាងថា ក្រោម​ការដឹកនាំរបស់​លោក សហរដ្ឋអាមេរិក​សព្វថ្ងៃកំពុងស្គាល់​ភាពខ្លាំងក្លា សុវត្ថិភាព និងរុងរឿងបំផុត​មិនធ្លាប់មាន ហើយថា​រដ្ឋបាល​របស់លោក នឹងតស៊ូដើម្បីសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល​៕