(លីបង់)៖ លីបង់នឹងមិនទទួលបានលុយជំនួយនិងកញ្ចីសរុប​ប្រមាណ​១១ពាន់លានដុល្លារ ដូចដែលបារាំងបានសន្យានៅឯសន្និសីទ CEDRE ឡើយ ប្រសិនបើបរាជ័យក្នុងការបង្កើតរដ្ឋាភិបាល​ឲ្យបាន នៅមុនដំណាច់ឆ្នាំនេះ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំលីបង់ ត្រូវគេរាយការណ៍ថា បានទទូចឲ្យ​ប្រធានសភាលីបង់ លោក Nabih Berri ស្វះស្វែងបង្កើត​រដ្ឋាភិបាល​ឲ្យបានឆាប់ ព្រោះថាបើមិនដូច្នោះទេ ថវិកាជំនួយនិងឥណទានខាងលើ ​ដែល​គ្រោងសម្រាប់​ផ្តល់​ឲ្យលីបង់ កាលពីអំឡុងសន្និសីទ CEDRE នោះ​ នឹងត្រូវបង្វែរទៅឲ្យប្រទេសដទៃទៀតវិញ។

គួរជម្រាបថា ​លីបង់ទទួលបានឱកាសនៃការផ្តល់ជំនួញហិរញ្ញប្បទាននិងកញ្ចីពីអន្តរជាតិ នៅឯសន្នីសីទអន្តរជាតិ CEDRE ដែលរៀប​ចំឡើងក្រោមគោលបំណងជួយដល់រដ្ឋាភិបាលលីបង់ និងការធ្វើកំណែទម្រង់ផ្សេងៗ ដើម្បីស្តារ​ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធចំណាស់ៗ​ឲ្យ​ប្រសើរឡើង និងជំរុញសន្ទុះសេដ្ឋកិច្ច។

ទាក់ទិននឹងរឿងនេះ នាពេលកន្លងមក ក្រុមសេដ្ឋវិទូ​អន្តរជាតិ បានសង្កត់ធ្ងន់ថា លីបង់ត្រូវតែបង្កើនល្បឿននៃការបង្កើតរដ្ឋាភិបាល​ថ្មី ដើម្បីចាប់ផ្តើមកំណែទម្រង់ចាំបាច់ផ្សេងៗ ហើយអាចទទួលជំនួយនានា ដែលបានសន្យាក្នុងសន្និសីទ CEDRE។ យ៉ាងណាមិញ លោក Saad Hariri ដែលជានាយករដ្ឋមន្រ្តីលីបង់ បាននិងកំពុងប្រឈមមុខជាមួយឧបសគ្គជាច្រើន ក្នុងការប៉ុនប៉ងបង្កើតរដ្ឋាភិបាលរួបរួម​ជាតិ​មួយ ដែលរួមមាននូវគណបក្សនយោបាយទាំងអស់នៅក្នុងប្រទេស ដោយសារតែការខ្វែងគំនិត​គ្នារវាង​ក្រុមអ្នកនយោបាយ៕