(ភ្នំពេញ)៖ នេះគឺជាលើកទី១ ហើយ ដែលលោកព្រាប សុវត្ថិ បាននាំយកកូនប្រុសទាំង៣នាក់ ទៅសម្ដែងការប្រគំតន្ត្រី នាអំឡុងរដូវក្ដៅ ក្នុងប្រទេសកូរ៉េ នៅក្រុងសេអ៊ូល និង ក្រុងក្វាងជូ រយៈពេល២ ថ្ងៃ  គឺនៅថ្ងៃទី២៤ និង២៥ កញ្ញា នេះ។ លោកថែមទាំងគ្រោងច្រៀង ទាំងបទល្បីពីជំនាន់ដើម និង បទសម័យពីរោះៗ ដើម្បីធ្វើឲ្យកក្រើកឆាកតន្រ្ដី ទៀតផង។ ការចេញសម្ដែងលើកនេះ លោកថែមទាំងនាំយកក្រុមរាំរហូតដល់៧នាក់ យកទៅរាំអមជាមួយផងដែរ ដែលធ្វើឲ្យការសម្ដែងរបស់ឪពុកកូនទាំង៤  រឹតតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបងប្អូនខ្មែរ នៅទីនោះ។

ជាមួយគ្នានេះ លោកព្រាប សុវត្ថិ បានប្រាប់ឲ្យដឹងថា លោកចាកចេញទៅកាន់ប្រទេសកូរ៉េ ជាលើកដំបូងនេះ មិនមែនគ្រាន់តែ ទៅសម្ដែងការប្រគំតន្ត្រី នាអំឡុងរដូវក្ដៅ ក្នុងប្រទេសកូរ៉េ ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺលោក និងលោក ឡេង ណាវ៉ាត្រា ក៏បានប្រកាសអំពីការរីកចម្រើននៃវិស័យអចនលទ្រព្យ ជាពិសេសចំពោះការជួញដូរដីធ្លីតែម្ដង មានអត្ថប្រយោជន៍ច្រើន និង ចំំណេញខ្ពស់ ពោលគឺចង់ឲ្យពលករខ្មែរធ្វើការនៅទីនោះ មានទ្រព្យប្រចាំខ្លួនក្រោយពេលត្រលប់មកវិញ។

លោក ព្រាប សុវត្ថិ បន្តថា បងប្អូនខ្មែរភាគច្រើន ដែលបម្រើនៅទីនោះមួយចំនួន ចង់យកប្រាក់ ដែលខ្លួនសន្សំ ទុកធ្វើអាជីវកម្មអ្វីមួយ ដើម្បីជាផលប្រយោជន៍ទៅថ្ងៃក្រោយ ប៉ុន្តែអាចថាមិនទុកចិត្តសាច់ញាតិ ឬ មិនទុកចិត្តគម្រោងលក់ដីផ្សេងៗ ទើបមិនហ៊ានបោះទុនចំណាយ។ ក្រោមមូលហេតុនេះទើប ម្ចាស់អចលទ្រព្យ លោក ព្រាប សុវត្ថិ យល់ថា ក្នុងនាមតារាចម្រៀង ដែលមានគម្រោងលក់ដីស្រាប់ ប្រសិនបើយកទៅផ្សព្វផ្សាយ គឺអាចធ្វើឲ្យមានទំនុកចិត្តខ្ពស់ ហើយក៏ដូចជាបានជួយឲ្យបងប្អូន ពលករខ្មែរនៅទីនោះ បានទិញដី ទុកជាប្រយោជន៍ ក្រោយពេលត្រឡប់មកស្រុកមាតុភូមិវិញផងដែរ។

លោកព្រាប សុវត្ថិ បានបញ្ជាក់ថា ខ្លួនគឺជាតារាម្នាក់ មិនលក់ឈ្មោះ មិនលក់តម្លៃ ព្រោះតែលក់ដីមិនប្រាកដប្រជានោះទេ។ លោករំពឹងថានឹងអាចមានពលករខ្មែរច្រើន ហ៊ានបោះទុនទិញលើគម្រោងរបស់លោក និងលោក ឡេង ណាវ៉ាត្រា ព្រោះការវិនិយោគលើគម្រោងដីឡូតិ៍ គឺមិនមានភាពភ័យរឿងខាតបង់នោះឡើយ ហើយក៏មិនភ័យរឿងបាត់លុយដុំ នៅពេលចង់លក់ វិញដែរ។ យ៉ាងណាមិញ ទោះបីជាបានពន្យល់ពីការវិនិយោគលើគម្រោងដីធ្លី នៅក្នុងប្រទេសកម្ពុជាសព្វគ្រប់អស់ហើយ ប្រសិនបើបងប្អូនជាពលករ រស់នៅទីនោះ មិនចាប់អារម្មណ៍ ក៏លោកអត់មានបញ្ហា អ្វីដែរ ខណៈដែលគម្រោងដីឡូតិ៍មួយនេះ ក៏មានសន្ទុះគ្រប់គ្រាន់ ចាប់តាំងពីបានបើកលក់នៅម្ដុំផ្សារព្រៃទទឹង នៅតាមផ្លូវជាតិលេខ៣ មកម្ល៉េះ។

បន្ថែមពីព័ត៌មានខាងលើ លោក ព្រាប សុវត្ថិ បញ្ជាក់ទៀតថា ការផ្សព្វផ្សាយពីបញ្ហាដីធ្លីរបស់ខ្លួន គឺជាការរួមចំណែក ជួយឲ្យក្រុមពលករកូរ៉េ នឹងមានជីវភាពប្រសើរឡើង ក្រោយពេលបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េ ហើយត្រឡប់មកកម្ពុជាវិញ មិនដឹងថា រកស៊ី ជួញដូរអ្វី ម្យ៉ាងខ្លាចខាតចុងខាតដើម បណ្ដាក់ប្រាក់វិនោយោគខុស ក្ស័យធុន ថែមទៀតផងនោះ។

ជាមួយគ្នានេះផងដែរ លោក ឡេង ណាវ៉ាត្រា ដែលជាអ្នកធានាចេញ និងជាបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីធំមួយនេះ រំពឹងយ៉ាងខ្លាំងថា វត្តមានលោកព្រាប សុវត្ថិ និង កូនកម្លោះទាំងបីរបស់លោក ព្រមទាំងតារាចម្រៀង តារាកំប្លែង និងពិធីករល្បីៗ ដែលបានរួមដំណើរ នឹងធ្វើអោយកក្រើកនៅក្នុងប្រទេសកូរ៉េ ខណៈដែលគម្រោងធ្វើបទឧទ្ទេសនាមរបស់លោកជុំវិញបញ្ហាដីធ្លី ក៏មានលោកព្រាប សុវត្ថិ ដែលមានបទពិសោធន៍លើជំនួញនេះ ក៏ចូលរួមធ្វើបទឧទ្ទេសនាមជាមួយផងដែរ៕