(ភ្នំពេញ)៖​ បន្ទាប់ពីទទួលបានសិទ្ធអនុគ្រោះចូលរួមប្រកួតកីឡាអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន នាខែតុលាខាងមុខ កីឡាការិនីចំបាប់វ័យក្មេងកម្ពុជា ស៊ឹម សុផាឡែន បានសម្រុកហ្វឹកហាត់កាន់តែខ្លាំង ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ហើយកញ្ញាបានប្ដេជ្ញាចិត្តនឹងធ្វើឲ្យបានល្អបំផុត ទោះបីមិនរំពឹងទទួលបានមេដាយក៏ដោយ។

កីឡាការិនីវ័យ ១៦ឆ្នាំរូបនេះ បានលើកឡើងថា នេះគឺជាលើកទី២ ដែលកញ្ញាបានចូលរួមប្រកួតលក្ខណៈអន្ដរជាតិ តែលើកនេះ ខ្លួនមិនសូវបារម្ភដូចលើកដំបូងឡើយ ព្រោះមានការហ្វឹកហាត់ និងត្រៀមខ្លួនរយៈពេលយូ ដើម្បីចូលរួមប្រកួតអូឡាំពិកយុវជន។ តែយ៉ាងណា សុផាឡែន មិនទាន់រំពឹងឈ្នះមេដាយនោះទេ ដោយគ្រាន់តែអះអាងថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលមួយដ៏ល្អ ទោះបីឈ្នះ ឬចាញ់ក៏ដោយ។

សុផាឡែន បានបន្ដថា គោលដៅរបស់ខ្លួន នាថ្ងៃអនាគត គឺនៅវែងឆ្ងាយ ដូច្នេះបេសកកម្មលើកនេះ ទោះឈ្នះមេដាយ ឬក៏អត់ ក៏នាងនៅតែខិតខំប្រឹង ដើម្បីសម្រេចគោលដៅរបស់ខ្លួន ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយនាងដណ្ដើមបានមេដាយអន្ដរជាតិមួយ ជូនជាតិខ្លួន ក្នុងអាជីព ។ ហេតុនេះការចូលរួមប្រកួតកីឡាអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅអាហ្សង់ទីន ក្រៅពីផ្ដោតលើលទ្ធផលឈ្នះ-ចាញ់ សុផាឡែន ក៏រំពឹងថា នឹងទទួលបានបទពិសោធន៍ល្អៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែមផងដែរ។

គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិកយុវជ ឆ្នាំ២០១៨ ដែលអាហ្សង់ទីនទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ នាខែក្រោយ គឺបានផ្ដល់សិទ្ធអនុគ្រោះដល់អត្តពលិកកម្ពុជា ៣ប្រភេទកីឡា គឺកីឡាចំបាប់ វាយសី និងកីឡាហែលទឹក ដើម្បីចូលរួមប្រកួតប្រជែង។ នេះបើយោងតាមការបញ្ជាក់របស់មន្ដ្រីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕