(ភ្នំពេញ)៖ បើយើងក្រឡេកមើលទៅអតីតកាលបន្តិច មានមហាជនច្រើនណាស់ ដែលបានដឹងយ៉ាងប្រាកដថា សម្រាប់តារាចម្រៀងបែបយុវវ័យ លោក ងួន ចាន់ដេវីដ ហៅ G-Devith បានល្បីឈ្មោះសុះសាយ រហូតមកដល់បច្ចុប្បន្ននេះ គឺមានការផ្ចុងផ្ដើម និងនាំចូលក្នុងផលិតកម្មរស្មីហង្សមាស ពីសំណាក់តារាចម្រៀង អ្នកនាង ពេជ្រ សោភា ដោយពួកគេទាំងពីរបានសាងភាពល្បីល្បាញ តាមរយៈបទចម្រៀងជាច្រើន។ អ្វីដែលជាការកត់សម្គាល់ជាហូរហែមក តាំងពីពួកគេមានជម្លោះនឹងគ្នា ស្ទើរបែកផ្សែងមក ​G-Devith បានងាកមកចាប់ដៃគូ ជាមួយនឹងស្រីស្រស់វ័យក្មេង គឺកញ្ញា ទេព បូព្រឹក វិញ ធ្វើឲ្យភាពស្និទ្ធស្នាលរវាង ពេជ្រ សោភា និង G-Devith លែងមានដូចមុនទៀតហើយ។

អ្វីដែលជាការភ្ញាក់ផ្អើល ក្នុងដំណាក់កាលថ្មីៗកន្លងទៅនេះ គឺតារាចម្រៀង​រ៉េបវ័យក្មេង លោក ងួន ចាន់ដេវីត ហៅ G-Devith បានប្រកាស​​ថា លោកបានដើរ​​ចេញ ពីផលិតកម្ម​រស្មីហង្សមាសហើយ ដែលជាទ្រនំរបស់ខ្លួន ធ្លាប់ជ្រកសាងកេរ្តិ៍ឈ្មោះ អស់រយៈពេលជាច្រើនឆ្នាំ។ បន្ទាប់ពីប្រកាសដើរចេញពីផលិតកម្ម រស្មីហង្សមាសរួចហើយ លោក G-Devith ក៏បានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់ខ្លួនថា លោកសុខចិត្តធ្វើជាតារាចម្រៀងឯករាជ្យ ប្រសើរជាងចូលជ្រក ក្នុងផលិតកម្មណាមួយ ដែលមានអ្នកគ្រប់គ្រងពីលើខ្លួន ជាហេតុធ្វើឲ្យលោកពិបាកនឹងសម្របខ្លួន។

បន្ទាប់ពីប្រកាសដើរចេញពីហង្សមាសនេះ យើងងាកមកចាប់អារម្មណ៍​នឹងតារាចម្រៀង ពេជ្រ សោភា ដែលជាអ្នកដឹកនាំពាំយួរ ឲ្យ​ G-Devith ល្បីវិញ តើនាងមានចំណាប់អារម្មណ៍ នឹងដំណឹងនេះដែរឬទេ? ​ពេជ្រ សោភា បាននិយាយយ៉ាងខ្លីថា ខ្ជិលចង់ដឹង ហើយគ្មានអ្វីគួរឲ្យតាមដានរឿងនរណាចេញ ឬចូលហង្សមាសនោះឡើយ ព្រោះតែរវល់កិច្ចការផ្ទាល់ខ្លួនខ្លាំងពេក ហើយ​ចាត់ទុកថា ការចេញ ឬចូលរបស់តារាចម្រៀង គឺជារឿងធម្មតា។

គេនៅចាំបានថា ពេជ្រ សោភា ជាអ្នកលើកស្ទួយ ងួន ចាន់ដេវីត ដែលជាអតីតជាងជួសជុសទូរស័ព្ទ សាមញ្ញម្នាក់ នៅផ្សារម៉ុងឌីយ៉ាល់ ឲ្យល្បី និងមានជីវភាពបានធូរធា​ ហូតមកដល់ពេលនេះ​ ប៉ុន្តែ ពេជ្រ សោភា ហាក់ដាក់ខ្លួន ដោយ​នាងមិនទទួលស្គាល់ថា ជាអ្នកមានគុណចំពោះដេវីត នោះឡើយ ដោយ​នាងអះអាងថា អ្វីៗនៅលើសមត្ថភាព​របស់មនុស្សម្នាក់ៗ​។ ទោះជាយ៉ាងណា គេជឿថា ការនិយាយរបស់ ពេជ្រ សោភា នៅពេលនេះ ប្រហែលជាមិនអស់ពីចិត្តឡើយ ព្រោះថា តារាទាំង២ធ្លាប់មានអនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់ជាច្រើន ជាមួយគ្នានាពេលកន្លងមក៕