(ភ្នំពេញ)៖​ ទីបំផុតក្រុមជើងឯកលីគកំពូលកម្ពុជា ត្រូវបានរកឃើញមុនការប្រកួតសប្ដាហ៍ចុងក្រោយហើយ ដោយបានទៅក្រុមណាហ្គាវើល ក្រោយយកឈ្នះក្រុមវិសាខា ២-១ ស្របពេលគូប្រជែងដ៏សំខាន់របស់ខ្លួន គឺក្រុមការពារតំណែងជើងឯកបឹងកេត បានភ្លាត់ប្រកួតស្មើក្រុមអង្គរថាយហ្គឺរ ២-២ ក្នុងជំនួបសប្ដាហ៍ទី២១ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ។

ក្រុមណាហ្គាវើល ធ្វើបានយ៉ាងល្អក្នុងជំនួបជើងទី២ ជាមួយវិសាខា ដោយសងសឹកបានសម្រេច ហើយថែមទាំងបានក្លាយជាក្រុមជើងឯកមុនចប់រដូវកាលទៀតផង។ កាលពីជើងទី១ ក្រុមលោក មាស ចាន់ណា បានចាញ់វិសាខា ៣-០ ឯណោះ ។ ជំនួបដ៏តានតឹងម្សិលមិញណាហ្គាវើល បាននាំមុខ ២គ្រាប់មុន ដែលរកបានដោយ Bisan George បន្ទាប់មកទើប Cheo Myong Ho វាយបកបាន ១គ្រាប់ដោយការទាត់បាល់ប៉េណាទីឲ្យវិសាខា ហើយក៏ជាគ្រាប់បាល់ចុងក្រោយក្នុងការប្រកួតនេះដែរ។

តាមរយៈជ័យជម្នះខាងលើ បានធ្វើឲ្យក្រុមណាហ្គាវើល ក្លាយជាជើងឯកជាលើកទី៣ ដោយមិនខ្វល់ពីលទ្ធផលប្រកួតចុងក្រោយ បន្ទាប់ពីឆ្លងកាត់ ២១ប្រកួតឈ្នះ១៧ ស្មើ២ និងចាញ់២ មាន ៥៣ពិន្ទុ ។ ចំណែកគូប្រជែងដ៏សំខាន់ គឺក្រុមបឹងកេត បានត្រឹមខកចិត្ត ក្រោយរកបាន ១ពិន្ទុពីម្ចាស់ផ្ទះអង្គរថាយហ្គឺរ ធ្វើឲ្យ ២១ប្រកួតឈ្នះ១៥ ស្មើ៤ និងចាញ់២ មាន ៤៩ពិន្ទុ។ ដូច្នេះតាមរយៈពិន្ទុនេះ ទោះបីប្រកួតចុងក្រោយក្រុមបញ្ចប់ដោយបែបណា ក៏មិនអាចកែប្រែលទ្ធផល ដំណើរឆ្ពោះទៅលើកពានរបស់ក្រុមណាហ្គាវើលបានដែរ។

អ្វីដែលទន្ទឹមជាមួយការរកឃើញក្រុមជើងឯក និងជើងឯករងខាងលើ គេក៏រកឃើញក្រុមលេខ៣ និងលេខ៤ ផងដែរ ពោលគឺក្រុមវិសាខា ក្រោយចាញ់ណាហ្គាវើល បានក្លាយជាក្រុមលេខ៣ ដោយស្វ័យប្រវត្តិ ព្រោះមាន ៤៥ពិន្ទុក្នុងដៃ ខណៈចំណាត់ថ្នាក់លេខ៤ បានទៅក្រុមក្រសួងការពារជាតិ ទោះបីប្រកួតចុងក្រោយ បានចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ១-០ ក៏ដោយ ព្រោះពួកគេមាន ៣៩ពិន្ទុ នាំមុខក្រុមកំពុងឈរលេខរៀងទី៥ ភ្នំពេញក្រោន កំពុងកាន់ ៣៣ពិន្ទុក្នុងប៉ុណ្ណោះ។

យ៉ាងណាមិញ ការប្រកួតមិនទាន់បញ្ចប់នោះទេ ពោលគឺនៅសល់ការប្រកួតសន្សំពិន្ទុ ១សប្ដាហ៍ទៀត ដែលគ្រោងធ្វើឡើងនាចុងសប្ដាហ៍នេះ បន្ទាប់មកទើបរៀបចំពិធីបិទការប្រកួតផ្លូវការតែម្ដង៕