(ភ្នំពេញ)៖ មួយរយៈចុងក្រោយមកនេះ គេសម្គាល់ឃើញថា មានសិល្បករ-សិល្បករិនីជាច្រើន បញ្ចេញប្រតិកម្មក្នុងបណ្តាញសង្គមហ្វេសប៊ុក​ជាហូរហែ ខណៈភាគច្រើនបង្ហាញពីការក្តៅស្លឹកត្រចៀក ទាមទារឲ្យម្ចាស់ផលិតកម្មបើកលុយថ្លៃ​ថតភាពយន្តដល់ខ្លួន ព្រោះតែម្ចាស់ផលិតកម្មខ្លះជំពាក់យូរពេក​។ ដោយឡែកសម្រាប់តារាសម្ដែង​ស្រី​ ឌុច លីដា វិញ ហាក់ដូចជាគ្មានការព្រួយបារម្ភ ក៏ដូចជាភ័យខ្លាច ពាក់ព័ន្ធរឿងនេះទាល់តែសោះ ទោះបីជាកន្លងមកធ្លាប់​មានតារាសម្ដែងជាច្រើន បានប្ដឹងប្ដល់ ក៏ដូចជា​កើតមានជម្លោះជាមួយនឹងខាងផលិតកម្ម ពាក់ព័ន្ធនឹងរឿងជំពាក់លុយមិនសងនេះ​ក៏ដោយ។

ស្រីស្រស់សម្រស់បាន ឌុច លីដា ថ្លែងយ៉ាងដូច្នេះថា «ចា៎បង! សម្រាប់ខ្ញុំ គឺគ្មានការភ័យខ្លាច ចំពោះរឿងផលិតករ ជំពាក់លុយ ក្នុងពេលសម្ដែងភាពយន្ត ឲ្យផលិតកម្មគាត់នោះទេ សំខាន់ក្នុងពេលចុះកុងត្រា គឺពួកយើង​បាននិយាយគ្នា​ច្បាស់ ធម្មតា​ការយឺតយ៉ាវ លុយកាក់បន្តិចបន្តួច ខ្ញុំអាចនិយាយគ្នាបាន សំខាន់បើសិនមានរឿងបែបនេះមែន ផលិតករក៏គួរតែប្រាប់ ឬឲ្យដំណឹងដល់ខ្ញុំមុនដែរ»​។

តារាសម្ដែងសាច់​ស​ខ្ចីរូបនេះ ក៏បានសំណូមពរឲ្យ ខាងផលិតករមួយចំនួន ចេះផ្ដល់តម្លៃ ដល់តួសម្ដែង មិនថា​តួឯក ឬក៏តួរាយរង ពាក់ព័ន្ធនឹងការ​ផ្ដល់តម្លៃ លើការងារ ជាពិសេសនោះ គឺ ពាក់ព័ន្ធនឹងការផ្ដល់ប្រាក់កម្រៃ និងផ្ដល់​កិត្តិយសដល់តារាសម្ដែង ទាំងអស់ផងដែរ​៕