(លីវើភូល)៖ គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានលើឡើងថា កីឡាករខ្សែប្រយុទ្ធជួរមុខ Mohamed Salah នឹងមិនមែនជាខ្សែប្រយុទ្ធដ៏មុតស្រួចដូចរដូវកាលមុននោះទេ ហើយគ្រាប់បាល់បំប៉ោងសំណាញ់ទីរបស់គេនឹងធ្លាក់ចុះ មិនអាចការពារស្បែកជើងដែលគេធ្លាប់ឈ្នះកាលពីរដូវកាលមុនផងដែរ។

ការថ្លែងប្រាប់សារព័ត៌មាន BBC ដូច្នេះ ក្រោយពេលដែលកីឡាករអេហ្ស៊ីប វ័យ២៤ឆ្នាំ Salah បង្ហាញទម្រង់លេងមិនសូវបានល្អ និងទើបរកបាន ២គ្រាប់នៅឡើយ នារដូវកាលថ្មីឆ្នាំ២០១៨-២០១៩ ខណៈមិត្តរួមក្រុម Sadio Mane រកបាន ៤គ្រាប់ ទោះជួយក្លឹបរកបាន ១៥ពិន្ទុពេញ ឡើងមកនៅលេខ២ បណ្តោះអាសន្នក៏ដោយ។

នៅពេលសួរថាតើគេអាចរំពឹងពី Salah ដូចរដូវកាលមុនដែរទេ អ្នកចាត់ការជនជាតិអាល្លឺម៉ង់បាននិយាយថា ពិតណាស់មនុស្សគ្រប់គ្នារំពឹងច្បាស់ណាស់។ តែយើងមិនរំពឹងថាវាកើតឡើងទេ ប៉ុន្តែយើងចង់ឱ្យគាត់​រកគ្រាប់បាល់ឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ហើយលោក Klopp ក៏បានបន្ថែមទៀតថា Salah នៅតែជាកីឡាករដ៏គំរាមកំហែងដល់គូប្រជែងដដែល៕