(អាមេរិក)៖ កាលពីពេលថ្មីៗនេះ តន្ត្រីទេសចរណ៍ របស់ក្រុមតារាចម្រៀងប្រុស BTS ដែលមានចំណងជើងថា "Love Yourself Tour" បានធ្វើឡើងនៅឯមជ្ឈមណ្ឌលសន្និបាត Forth Worth សហរដ្ឋអាមេរិក បានបញ្ចប់ទៅដោយជោគជ័យ​ជាមួយនឹងការចូលរួមរបស់អ្នកគាំទ្ររាប់ពាន់នាក់។

នៅលើបណ្តាញសង្គម អ្នកគាំទ្រជាច្រើនបានបង្ហាញក្តីស្រឡាញ់ ចំពោះសមាជិក BTS ទាំងអស់ ហើយអ្វីដែលគេចាប់អារម្មណ៍នៅក្នុងការប្រគំតន្ត្រីរបស់ក្រុមចម្រៀងនេះ គឺពេលដែលពួកគេចាប់ផ្តើមរាប់លុយនៅលើឆាក។ នៅបណ្តាប្រទេសលោកខាងលិចមិនចម្លែកទេ ដែលអ្នកគាំទ្របោះវត្ថុអ្វីមួយទៅលើឆាកតន្ត្រី ដរាបណាវាពុំមែនជាវត្ថុរឹងឬមុតស្រួច។

អ្នកគាំទ្រម្នាក់បានធ្វើឲ្យ Jin សមាជិកម្នាក់របស់ BTS ចាប់អារម្មណ៍ខ្លាំង នៅពេលដែលរូបគេគ្រវែងលុយទៅលើឆាក ហើយត្រូវបានតារាប្រុសរូបនេះរើសយកមករាប់ទាំងសើចថែមទៀត។ អ្នកលេង​បណ្តាញសង្គមម្នាក់​បានបញ្ចេញមតិលេងសើច ទៅលើសកម្មភាពដ៏គួរឲ្យស្រឡាញ់របស់ Jin ថា តារាចម្រៀងរូបនេះត្រូវការប្រាក់ ដើម្បី​សម្រេចគោលដៅក្នុងការទិញ Big Hit និងបង្កើត JinHit វិញ។

រីឯអ្នកគាំទ្រផ្សេងទៀតជឿថា Jin ហាក់ដូចជាសប្បាយចិត្តច្រើន នៅពេលដែលរូបគេផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ហើយកាលពីយប់មិញនៅលើឆាកតន្ត្រី តារាប្រុសរូបនេះបានបញ្ចេញក្បាច់រាំដ៏អស្ចារ្យ ពោរពេញទឹកមុខស្រស់ស្រាយ ទៅកាន់អ្នកទស្សនាទៀតផង៕