(ភ្នំពេញ)៖ កំពូលតារាចម្រៀង សំឡេងស្រទន់ និងមានរូបសម្រស់ស្រស់ស្អាត ជាគ្រាប់ពេជ្រ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី គេសង្កេតឃើញថា នាងហាក់ដូចជាមានភាពល្បីល្បាញ កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ តារាស្រីដួងនេះ តែងតែបញ្ចេញនូវបទចម្រៀងថ្មីៗ បែបមនោសញ្ចេតនាកំសត់ៗ សម្រាប់ជាចំណីអារម្មណ៍ ចែកជូនដល់ទស្សនិកជន ខណៈកាលពីថ្មីៗនេះ នាងបានបញ្ចេញនូវបទចម្រៀង មួយបទទៀតហើយ ជាបទកំសត់ មានចំណងជើងថា «មនុសប្រុសរឿងច្រើន» កំពុងតែទទួលបានការគាំទ្រ ក៏ដូចជាចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសនោះ គឺបទនេះជាចម្រៀងតគ្នា ពីបទរបស់លោក កែវ វាសនា ដែលទើបនឹងបញ្ចេញ កាលពីពេលថ្មីៗនេះ។

ជាការពិតណាស់ «មនុស្សប្រុសរឿងច្រើន» គឺជាចម្រៀងបែបមនោសញ្ចេតនា មានន័យយ៉ាងដូច្នេះថា «មកពីបងតាមចិត្តអូនឡើងធ្លាប់ មកពីបងតាមចិត្តអូន គ្រប់យ៉ាង មិនថា អូនធ្វើខុសក៏បងថាត្រូវ មកពីអូនដឹងថា បងស្រឡាញ់អូនខ្លាំង ទើបអូនក្អេងក្អាងរឹងរូស ឌឺដាក់បងស្ទើរគ្រប់ពេល បងកាន់តែហាម អូនកាន់តែផ្គើន បងខូចចិត្តខ្លាំងណាស់ ហើយមែនទេ ទើបបងចាកចេញពីអូន ដោយមិនប្រាប់សូម្បីមួយម៉ាត់..»

យ៉ាងណាមិញ បទចម្រៀង ជាការបកស្រាយពីសំណាក់ ស្រីស្រស់សម្រស់បាន កញ្ញា សុខ ពិសី កំពុងតែទទួលបានការគាំទ្រខ្លាំង ជាពិសេសនោះគឺពេញនិយម និងត្រូវចិត្តមិត្តយុវវ័យតែម្ដង ខណៈបទនេះចេញមិនទាន់បានប៉ុន្មានផង ក៏មានអ្នកចូលទស្សនា យ៉ាងច្រើនសន្ធឹកសន្ធាប់ តែម្ដង។

គួរបញ្ជាក់ថា សុខ ពិសី គឺជាតារាចម្រៀងត្រូវបានគេចាត់ទុកថា ជាគ្រាប់ពេជ្រ ដ៏ចែងចាំង ក្នុងផលិតកម្មសាន់ដេ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ខណៈបទចម្រៀងនីមួយៗរបស់ស្រីស្រស់ រូបនេះ សុទ្ធសឹងតែជាបទល្បី និងពីរោះ។

តោះ! ចង់ដឹងថា សាច់រឿង ព្រមទាំងអត្ថន័យនៃបទចម្រៀង «មនុស្សប្រុសរឿងច្រើន» របស់ស្រីស្រស់ សុខ ពិសី ពីរោះ និងល្អមើលកម្រិតណានោះ សូមប្រិយមិត្តទស្សនិកជន ចូលរួមរីករាយទស្សនា ទាំងអស់គ្នា៖