(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានព័ត៌មាន យ៉ាងកក្រើកពេញបណ្ដាញហ្វេសប៊ុក ទាក់ទងទៅនឹង អតីតម្ចាស់ពានរង្វាន់ «The Voice Cambodia» រដូវកាលទី១ លោក ប៊ុត សីហា ថា លោកបានជាប់ពាក់ព័ន្ធ​នៅក្នុងករណីប្រើប្រាស់ គ្រឿងញៀនសារជាថ្មី នៅក្នុងផ្ទះសំណាក់​មួយកន្លែង​។ យ៉ាងណាមិញ ព័ត៌មានមួយនេះ ​ត្រូវបាន​តារាចម្រៀងបែបយុវវ័យ លោក ប៊ុត សីហា បានសម្ដែងការហួសចិត្ត និងធ្វើការច្រានចោលទាំងស្រុង ព្រមទាំងបាននិយាយថា ខ្លួនរវល់តែថតបទចម្រៀង និងថតសាច់រឿងខ្លី ស្រាប់តែលេចឮព័ត៌មាន បែបនេះ ទៅវិញ។

យោងតាមគណនីហ្វេសប៊ុក ផ្លូវការរបស់​លោក ប៊ុត សីហា បានសរសេររៀបរាប់ថា «បាន២បទ ដែលគេចូលចិត្តស្តាប់ ហើយក៏ត្រូវចិត្តបានរៀងរើបៗមក​វិញ ដល់ឃើញឯងរៀងងើបមកវិញតិច ក្តិចឯងទៀត ក្នុងលោកនេះតើអាចទេ បើខ្ញុំសុំម៉ារស់ៗអាចទេ? រវល់ថតបទចម្រៀងជាមួយអ្នកសម្របសម្រួលអង្កការ បងប្រុស សុខ លីមរក្សា ថតបទភ្ជុំហើយ​និងអាងថតសាច់រឿងខ្លី របស់គាត់​ស្រាប់តែចេញព័ត៌មានណាឆ្កុយ​។ ហួសចិត្តស្រុករំដួល ខ្ញុំ​ឆ្អែត តោះកុំខ្វល់សំខាន់ធ្វើមិនដឹង ទៅជាយ៉ាងណាក៏ទៅៗហើយ​»​

គួរឲ្យដឹងដែរថា កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ សមត្ថកិច្ច​ខណ្ឌពោធិ៍សែនជ័យ បានចុះបង្រ្កាប​គ្រឿងញៀន ក្នុងផ្ទះសំណាក់មួយកន្លែង ដោយបានឃាត់ខ្លួន ជនសង្ស័យនៅនឹងកន្លែងបានមួយចំនួន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ ក្នុងចំណោមជនសង្ស័យចាប់ខ្លួនទាំងនោះ បាននិយាយថា លោក ប៊ុត សីហា ក៏មានជាប់ពាក់ព័ន្ធ ក្នុងករណីនេះ​​ដែរ ជាពិសេស​គឺមានការបញ្ជាក់យ៉ាងច្បាស់ ពីម្ចាស់ផ្ទះសំណាក់ផ្ទាល់ ក៏បានអះអាងថា លោក ប៊ុត សីហា បានស្នាក់នៅទីនោះ ចំនួន​៤៨ ថ្ងៃទៀតផង​។

គួរបញ្ជាក់ថា នេះគ្រាន់តែជាការអះអាងពីសំណាក់ អ្នកដែលជាប់ពាក់ព័ន្ធតែប៉ុណ្ណោះ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់​នៅឡើយទេ ថា លោក ប៊ុត សីហា បានជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវ ប្រើប្រាស់គ្រឿងញៀន​សារជាថ្មីវិញ ​ឬក៏យ៉ាងណា ខណៈដែលពេលនេះ លោក​ក៏បានចេញ​មុខច្រានចោល ពីរឿងដ៏ក្ដៅគគុកមួយនេះ រួចទៅហើយផងដែរ​៕