(ភ្នំពេញ)៖ ជារឿងមួយគួឲ្យភ្ញាក់ផ្អើល​ខ្លាំង ក្នុងមជ្ឈដ្ឋានសិល្បៈខ្មែរ ខណៈដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេងធម៌ក្ដៅ ចាត់វិធានការយ៉ាងចាស់ដៃ ទៅតារាល្បីៗ ដែលតែងតែបញ្ចេញភាពសិចស៊ី តាមបណ្ដាញសង្គម និងតាមកម្មវិធីសាធារណៈផ្សេងៗ ខណៈដែលថ្មីៗនេះ បន្ទាប់ពីក្រសួងបានផ្អាកសកម្មភាពសិល្បៈ លើតារាសម្ដែងសិចស៊ី កញ្ញា សេង សូណា រយៈពេល១ឆ្នាំរួចមក នៅពេលនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតប្រកាសព្រមានជាផ្លូវការ ​ដល់តារាប្រុសស្រីល្បីៗ ចំនួន៤ដួងទៀត មានដូចជា អ្នកនាង សុខ ស្រីម៉ុច, កញ្ញា រតនៈ ពិសី, កញ្ញា ពេជ្រ អាវីហ្សា និងលោក​ អេនឌី ក្រោយពីក្រសួងរកឃើញថា តារាទាំងអស់នេះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រពៃណី និងវប្បធម៌ខ្មែរ។

តារាចម្រៀង និងតារាសម្ដែង​ខ្មែរ ដែលត្រូវបានក្រសួងវប្បធម៌ចាត់ទុកថា ​ធ្វើឲ្យប៉ះពាល់ទំនៀមទម្លាប់ប្រពៃណីខ្មែរ រហូតមានការថ្នាំងថ្នាក់យ៉ាងខ្លាំង ពីបណ្ដាអ្នកលេងបណ្ដាញសង្គម Facebook គឺអ្នកនាង សុខ ស្រីម៉ុច, កញ្ញា រតនៈ ពិសី, កញ្ញា ពេជ្រ អាវីហ្សា និង អេនឌី ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីសម្រេច​ព្រមានជាផ្លូវការ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ ​ដោយក្រសួងតម្រូវឲ្យពួកគេទាំង៤ខាងលើ បញ្ឈប់ជាបន្ទាន់នូវទង្វើ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ។ ក្នុងករណីនៅតែគឃ្លើនបន្ត ធ្វើបែបនេះទៀត ក្រសួងនឹងមានវិធានការតាមក្រុមប្រឹក្សាពិន័យ ដោយត្រូវធ្វើការពិន័យ ឬផ្អាកសកម្មភាពសិល្បៈណាមួយ តាមទំហំកំហុសឆ្គងរបស់ខ្លួន។

យោងតាមលិខិតលេខ ៥៥ សសរ ចុះហត្ថលេខា​ដោយ​លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​ត្រង់ប្រការ ២ បានព្រមាន​ចំៗដល់អ្នកទាំង​៤ថា «ត្រូវបញ្ឈប់ទង្វើ ដែលនាំឲ្យប៉ះពាក់​វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ។ ករណីនៅតែបន្តក្រុមប្រឹក្សា​វិន័យ និងលើកសរសើរ នឹងមានវិធានការតាមក្រមសីលធម៌ នៃអ្នកសិល្បៈ ដោយផ្អាកសកម្មភាពទាក់ទងនឹង វិស័យ​សិល្បៈវប្បធម៌​ ទៅតាមរយៈពេលណាមួយ សមស្រប​តាមកំហុសឆ្គងនៃអ្នកប្រព្រឹត្ត»

ជាការពិតក្នុងចំណោម​តារាទាំង ៤ដួង ខាងលើ សុខ ស្រីម៉ុច ទើបតែរន្ទឺខ្លាំង ក្នុងអំឡុងពេលចុងក្រោយ ពេលដែលនាងបានរំលេចកេរ្តិ៍​លើឆាក ​ផ្អើលអស់ប្រុសៗ មិននឹកស្មានថា នាងជានារីខ្មែរ ហ៊ានស្លៀកពាក់បែបនេះឡើយ។

សូមបញ្ជាក់ថា តារាចម្រៀង រតនៈ ពិសី, កញ្ញា ពេជ្រ អាវីហ្សា និងលោក អេនឌី គឺត្រូវបានគេមើលឃើញថា ជាតារាជាប់ក្នុងបញ្ជីខ្មៅ​ របស់ក្រសួងយូរណាស់ហើយ តែដោយអ្នកទាំង ៣ នៅតែបន្តសម្ញែងទ្រូង មិនព្រម​បញ្ឈប់នោះ ទើបក្រសួង​ចេញសេចក្តីសម្រេច​ព្រមាន​ ដំណាល​គ្នានឹង សុខ ស្រីម៉ុច ដែរ៕