(ភ្នំពេញ)៖ វគ្គសន្សំពិន្ទុនៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២១ ក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវអគ្គិសនីកម្ពុជា នៅក្នុងទឹកដីនៃកីឡដ្ឋានខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី២២ ខែកញ្ញា នាម៉ោង ១៥៖៣០រសៀលខានស្អែកនេះ។

សម្រាប់ការប្រកួតរបស់ក្រុមទាំងពីរ សូលទីឡូអង្គរ កាលពីសប្តាហ៍ទី២០កន្លងទៅ បានចាញ់ព្រះខ័នរាជស្វាយរៀង នៅក្នុងលទ្ធផល ៥-២ នៃកីឡដ្ឋានខេត្តស្វាយរៀង ដោយ២០ប្រកួតកន្លងមកនេះ ក្រុមនេះឈ្នះ៤ដង ស្មើ៤ដង និងចាញ់១២ដង។ អ្វីដែលសំខាន់ គ្រូជនជាតិជប៉ុនបាននិយាយថា «ខ្ញុំអាចនិយាយបានថា ដោយសារតែកាតក្រហម ប៉ុន្តែពួកយើងមិនចូលចិត្តយកលេសទេ។ នេះជាបញ្ហាក្រុម ប៉ុន្តែនៅពេលពួកយើងរកបាន២គ្រាប់ ក្រោយមកពួកយើង​បង្កើតកំហុសច្រើន។ ប្រហែលដោយសារជាការប្រកួតក្រៅផ្ទះ ហើយក្រុមម្ចាស់ផ្ទះ​ព្រះខ័នរាជស្វាយរៀងមានអ្នកគាំទ្រច្រើន។ ពួកយើងនឹងប្រឹងប្រែងសម្រាប់ប្រកួតក្រោយទៀត»

រីឯអគ្គិសនីកម្ពុជា (EDC) វិញ កាលពីសប្តាហ៍ទី២០កន្លងទៅ បានចាញ់ក្រុមការពារជើងឯក បឹងកេតអែហ្វស៊ី ក្នុងលទ្ធផល ៥-០ នៅពហុកីឡដ្ឋានជាតិ ហើយ២០ប្រកួតកន្លងមកនេះ ឈ្នះ២ដង ស្មើ៣ដង និងចាញ់១៥ដង។

ការប្រកួតប្រចាំសប្តាហ៍ទី២១ សូលទីឡូអង្គរ ដែលឈរនៅចំណាត់ថ្នាក់លេខ១០ មាន១៦ពិន្ទុ និងត្រូវប៉ះអគ្គិសនីកម្ពុជា ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ១១ ដោយមាន៩ពិន្ទុ រួចផុតពីតំបន់កាត់ចេញពីលីគនា រដូវកាលក្រោយដូចគ្នា៕