(ភ្នំពេញ)៖ តារាចម្រៀងប្រុស មានកេរ្តិ៍ឈ្មោះបោះសំឡេង និងទទួលបានកាគាំទ្រខ្លាំង លោក កែវ វាសនា ក្រោយពីស្ងប់ស្ងាត់ ហាក់ដូចជាមិនសូវមានបទចម្រៀងច្រៀង នៅក្នុងផលិតកម្មថោន ស្រាប់តែតារាប្រុសដួងនេះ ដាច់ចិត្តចាកចោល ផលិតកម្មមួយនេះតែម្ដង ដោយរត់មករកទ្រនំចាស់​របស់ខ្លួនវិញ ពោលគឺ​ផលិតកម្ម សាន់ដេ ដែលខ្លួនធ្លាប់បានកសាងកេរ្តិ៍ឈ្មោះ ជាច្រើនឆ្នាំ និងបានចេញចម្រៀងថ្មី ​មានចំណងជើងថា «នឹកមនុស្សម្នាក់ ដែលមិនបានស្រឡាញ់ខ្ញុំ»។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺលោក បានចាប់ដៃគូសម្ដែង ក្នុងចម្រៀងមួយបទនេះ ជាមួយនឹង​គ្រាប់ពេជ្រ របស់​សាន់​ដេ គឺ កញ្ញា សុខ ពិសី ថែមទៀតផង។

យ៉ាងណាមិញ ការវិលត្រឡប់មកទ្រនំចាស់មួយនេះ បានធ្វើឲ្យប្រិយមិត្តទស្សនិកជន ស្រឡាំងកាំង ព្រោះតែមិននឹកស្មានថា លោក កែវ វាសនា ដាច់ចិត្តចោលផលិតកម្ម ថោន រួចមកសាងស្នាដៃ ជាមួយការចេញចម្រៀងយ៉ាងពីរោះ ក្នុងទ្រនំចាស់មួយនេះឡើយ។

ជាមួយគ្នានេះដែរ ក្នុងការវិលត្រឡប់ មករកទ្រំនំចាស់ សាន់ដេ ពី​សំណាក់លោក កែវ វាសនា ក៏មានអ្នកគាំទ្រ និងមហាជនជាច្រើន នៅតែរំពឹងទុក​ថា បទមនោសញ្ចេតនា ស្នេហាកម្សត់របស់លោក ដែលចាប់ដៃសម្ដែងរួមគ្នា និងកញ្ញារូបស្រស់ សុខ ពិសី នឹងអាចឆក់យកប្រជាប្រិយភាព និងចំណាប់អារម្មណ៍ខ្លាំងឡើងវិញ ពីសំណាក់ប្រិយមិត្តទស្សនិកជន ជាពិសេស អ្នកគាំទ្រលោកផ្ទាល់ជាថ្មីម្ដងទៀត ជាមិនខាន​។

ជាការកត់សម្គាល់ ទោះបីជា លោក កែវ វាសនា បានរៀបអាពាហ៍ពិពាហ៍រួចហើយក្ដី តែគេសង្កេតឃើញ នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន តាមរយៈសំនៀង ដ៏ក្រអួនក្រអៅ ខណៈបទចម្រៀងនីមួយៗរបស់លោក កាលពីកន្លងទៅ សុទ្ធសឹងតែមានការគាំទ្រខ្លាំង គួរកត់សម្គាល់​។