(ក្រុងឡុងដ៍)៖ មេឃខៀវ Manchester City ដែលជាក្រុមការពារតំណែងជើងឯក Premier League បានរំកិលមកឈរលេខ២ ក្នុងតារាងពិន្ធុជាបណ្តោះអាសន្នវិញ ដោយចាញ់ប្រៀបកាំភ្លើងធំ Arsenal តែ ១ពិន្ទុប៉ុណ្ណោះ ក្រោយបំបាក់ម្ចាស់ផ្ទះ Brighton Hove & Albion ក្នុងលទ្ធផល ៤-០ នាយប់មិញនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ៣ពិន្ទុដ៏សំខាន់ក្រៅដីក្នុងប្រកួតទី៣៣ របស់ពួកគេនេះដែរ បានធ្វើឱ្យក្រុមរបស់លោក Pep Guardiola រកបាន ៧៦ពិន្ទុ ដោយនៅសល់ ១ប្រកួតក្នុងដៃផងដែរ ស្របពេលក្រុមកំពូលតារាង Arsenal មាន ៧៧ពិន្ទុ លេងបាន ៣៤ប្រកួត។

ជាមួយគ្នានោះ អតីតជើងឯកលីគ ៣សម័យកាលជាប់ៗគ្នានេះ ក៏បានទម្លាក់ Liverpool ដែលជាជើងឯក Premier League កាលឆ្នាំ២០២០ នោះធ្លាក់មកឈរលេខ៣ វិញផងដែរ ក៏ព្រោះហង្សក្រហមលេងបាន ៣៤ប្រកួត និងរកបាន ៧៤ពិន្ទុ។

ក្នុងចំណោមទាំង ៤គ្រាប់ក្នុងកីឡដ្ឋាន The American Express Community នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៣ម៉ឺននាក់ផងនោះ កីឡាករ ៣រូបមានដូចជា Kevin de Bruyne និង Julian Alvarez រកបានម្នាក់ ១គ្រាប់ គ្រាដែល Phil Foden រកបាន ២គ្រាប់ម្នាក់ឯង ដើម្បីជួយ Man City ក្លាយជាក្រុមទី៤ ប៉ុណ្ណោះនៅអង់គ្លេសដែលរកបានចាប់ពី ៤គ្រាប់ឡើងទៅ ក្នុងចំណោម ៤ប្រកួតជាប់ៗគ្នាផងដែរនៅ Premier League។

នេះមានន័យថា ពួកគេបានបង្កើនកំណត់ត្រាលេង ១៨ប្រកួតក្នុងលីគមិនចាញ់ឡើយ ក្រៅពីឈ្នះ១៤ និងស្មើ ៤លើក ក្រោយការបរាជ័យ ១-០ នៅក្នុងផ្ទះរបស់ Aston Villa នាអំឡុងខែធ្នូ ឆ្នាំ២០២៣៕