(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហាញពីសមត្ថភាពកីឡារបស់លោក នៅមុនព្រឹត្តិការណ៍ Paris Olympics បន្ទាប់ពីបានស៊ុតបាល់ប៉េណាល់ទី ក្នុងការប្រកួតសប្បុរសធម៌មួយកាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

លោក Macron បានលេងជាមួយនឹងអតីតកីឡាករអន្តរជាតិចម្រុះ និងមន្ត្រីជំនាញផ្នែកសុខភាព។

មិត្តរួមក្រុមរបស់ប្រធានាធិបតីវ័យ ៤៦ឆ្នាំរូបនេះ រួមមានទាំងអតីតកីឡាករ Eden Hazard និង Dider Drogba ព្រមទាំងគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង Didier Deschamps ផងដែរ ដោយក្រុមរបស់លោកបានយកឈ្នះ ៥-៣ លើក្រុមម្ខាងទៀតដែលមានទាំងអតីតអ្នកចាត់ការក្លិប Arsenal លោក Arsene Wenger និង Samuel Eto'o ជាដើម។

​ការប្រកួតនេះបានធ្វើឡើងនៅទីក្រុង Paris ដើម្បីរ៉ៃអង្គាសប្រាក់ជួយដល់កុមារនៅក្នុងមន្ទីរពេទ្យ។

គួរជម្រាបថា លោក Macron បានបង្កើនការធ្វើសកម្មភាពនានានៅក្នុងវិស័យកីឡា ខណៈប្រទេសកំពុងឈានទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក Paris Olympics ក្នុងឆ្នាំនេះ៕