(រ៉ូម)៖ ក្រុមអាជ្ញាកណ្តាលដែលមានសុទ្ធតែជាស្ត្រី នឹងដឹកនាំការប្រកួតមួយក្នុងលីគកំពូលអ៊ីតាលី Serie A ជាលើកដំបូងនៅចុងសប្តាហ៍នេះ។ នេះបើតាមការឱ្យដឹងពីសមាគមអាជ្ញាកណ្តាលអ៊ីតាលី (AIA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

ក្លិប Inter Milan នឹងធ្វើម្ចាស់ផ្ទះទទួលក្រុម Torino នៅថ្ងៃអាទិត្យសប្តាហ៍នេះ ហើយការប្រកួតនឹងត្រូវបានធ្វើឡើងដោយអាជ្ញាកណ្តាលស្រ្តី ដោយរួមមានអ្នកស្រី Maria Sole Ferrieri Caputi នៅពេលអ្នកស្រី Francesca Di Monte និងអ្នកស្រី Tiziana Trasciatti ជាជំនួយការអាជ្ញាកណ្តាល។

ការប្រកួតនោះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងពិភពបាល់ទាត់អ៊ីតាលី ដែលកន្លងមកតែងតែមានមន្ត្រីអាជ្ញាកណ្តាលបុរស ជាអ្នកដឹកនាំការប្រកួត។

សូមជម្រាបថា អ្នកស្រី Ferrieri Caputi ធ្លាប់បានបង្កើតប្រវត្តិសាស្ត្ររួចទៅហើយ ក្នុងនាមជាមន្ត្រីអាជ្ញាកណ្តាលស្ត្រីដំបូងគេ ដែលបានទទួលបន្ទុក ការប្រកួតក្នុងលីគ Serie A នៅពេលដែលក្លិប Sassuolo ប្រកួតទល់នឹង Salernitana ក្នុងឆ្នាំ២០២២ ហើយគិតមកទល់ពេលនេះ អ្នកស្រីបានធ្វើជាអាជ្ញាកណ្តាលចំនួន ៦លើកហើយក្នុងលីគកំពូលអ៊ីតាលីនារដូវកាលនេះ៕