(ភ្នំពេញ)៖ រយៈពេលពេញមួយឆ្នាំដែល ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី បានសហការជាមួយអង្គការដើម្បីស្នាមញញឹមកុមារ (PSE) ក្រោមគម្រោង Guardiancares រួមគ្នាដើម្បីអនាម័យ និងសុខភាពល្អរបស់កុមារ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី មានមោទនភាពជម្រាបថាគម្រោងបានបញ្ជប់ដោយជោគជ័យ ក្រោមឆន្ទៈលើកតម្កើងនូវអនាម័យ និងសុខុមាលភាពរបស់កុមារដែលមកពីគ្រួសារមានជីវភាពខ្វះខាត។

តាមរយៈគំនិតផ្តួចផ្តើមនៃគម្រោងនេះ ពួកយើងបានធ្វើការយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាឱ្យកុមាររស់នៅប្រកបដោយអនាម័យល្អ និងមានសុខភាពល្អផងដែរ ដោយពួកយើងបានផ្តល់ជូននូវធនធានចាំបាច់មួយចំនួន ក្នុងនោះរួមមាន ការផ្តល់ការបណ្តុះបណ្តាលខ្លីៗពាក់ព័ន្ធទៅនឹងអនាម័យ ក៏ដូចជាការផ្តល់សម្ភារៈអនាម័យ។ ការខិតខំប្រឹងប្រែងរបស់យើង គឺយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការអនុវត្តអនាម័យឱ្យបានខ្ជាប់ខ្ជួន និងការពារឱ្យបាននូវជម្ងឺផ្សេងៗដែលអាចកើតមានឡើងទៅលើកុមារទាំងនោះ។ ដោយក្រឡេកមើលទៅលើភាពជោគជ័យដែលទទួលបាន យើងមានសេចក្តីសោមនស្សរីករាយចែករំលែកទៅដល់អតិថិជនទាំងអស់គ្នាឱ្យបានដឹងថា តាមរយៈការចូលរួមពីអ្នកទាំងអស់គ្នា គម្រោង Guardianares ប្រមូលបានទឹកប្រាក់នៃការចូលរួមប្រមាណ ១៣០០ ដុល្លារអាមេរិក មកពីរាល់ការជាវសាប៊ូទឹកដុសខ្លួនហ្គាឌៀនចំនួន១លីត្រ ទឹកប្រាក់ចំនួន ៣០០រៀល ត្រូវបានបរិច្ចាគទៅដល់អង្គការដើម្បីស្នាមញញឹមកុមារ PSE”។

តាមរយៈសកម្មភាពនេះ យើងបានផ្តល់សម្ភារៈអនាម័យចំនួន ៧៨៤ថង់យួរ ទៅដល់កុមារដែលស្ថិតក្នុងប្រាំសហគមន៍នៃអង្គការដើម្បីស្នាមញញឹមកុមារ និងបានផ្តល់សាប៊ូទឹកដុសខ្លួនទៅដល់កុមារចំនួន ៣៣០០ នាក់ ស្ថិតនៅស្នាក់ការកណ្តាលនៃអង្គការ។ នៅក្នុងថង់យួរដៃនីមួយៗរួមមាន៖ សាប៊ូទឹកដុសខ្លួនម៉ាកហ្គាឌៀនចំណុះមួយលីត្រចំនួនមួយដប ក្រដាសគំនូរសម្រាប់ផាត់ពណ៍ចំនួនមួយ ខ្មៅដៃពណ៍ចំនួនមួយប្រអប់ ក្រដាសណែនាំការលាងសម្អាតដៃនិងរបៀបងូតទឹកឱ្យបានត្រឹមត្រូវ និងប៉េងប៉ោងហ្គាឌៀនចំនួនម្នាក់មួយ ហើយក្នុងនោះកុមារមួយចំនួនក៏បានទទួលតុក្កតាហ្គាឌៀនដ៏ស្រស់ស្អាតពីយើងផងដែរ។ លើសពីនេះ យើងក៏បានបរិច្ចាគទឹកប្រាក់ដែលនៅសល់ចុងក្រោយ ដោយផ្តល់ជាផលិតផលផ្នែកវេជ្ជសាស្រ្ត វីតាមីន ផលិតផលអនាម័យ ផលិតផលសុខភាព និងផលិតផលផ្សេងៗទៀតសម្រាប់អង្គការដើម្បីស្នាមញញឹមកុមារទុកប្រើប្រាស់ក្នុងគម្រោងដែលកំពុងដំណើរការ។

តាមរយៈគម្រោងនេះ ហ្គាឌៀន បានផ្តល់ការងូតទឹកស្អាតជាង ២០ លានដងទៅកាន់កុមារដែលខ្វះខាត មិនត្រឹមតែស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ ក្នុងនោះក៏មានប្រទេសផ្សេងៗទៀតស្ថិតក្នុងអាស៊ីអាគ្នេយ៍រួមមាន សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។ បើទោះបីជាការសហការមួយនេះបានបញ្ចប់ក៏ពិតមែន យើងនៅតែបន្តការប្តេជ្ញាចិត្តធ្វើសកម្មភាពល្អៗដើម្បីជួយទៅដល់កុមារដែលខ្វះខាតបន្តទៀត។ ការសហការរបស់យើងជាមួយអង្គការដើម្បីស្នាមញញឹមកុមារ គឺជាសក្ខីភាពដ៏អស្ចារ្យមួយតាមរយៈកម្លាំងនៃការចូលរួម និងសេចក្តីសប្បុរសដែលយើងបានធ្វើ ហើយយើងនឹងស្វែងរកឱកាសបន្តទៀតក្នុងការជួយទៅដល់កុមារដែលខ្វះខាត។

អង្គការដើម្បីស្នាមញញឹមកុមារបានបង្កើតឡើងដោយលោក Christian និងលោកស្រី Marie-France des Pallières រយៈពេល២៨ឆ្នាំមកហើយដែលអ្នកទាំងពីរបានរកឃើញនូវកន្លែងចាក់សម្រាមមួយកន្លែងស្ថិតក្នុងភ្នំពេញ ជាកន្លែងមួយដែលកុមាររាប់ពាន់នាក់ប្រកបការងារហើយនិងស្នាក់នៅលើទីកន្លែងដ៏កក្រិចនោះ។ ការកើតឡើងនៃអង្គការស្នាមញញឹមកុមារ បានផ្តល់ជាជំនួយទៅដល់កុមារចំនួន ១២ ០០០ នាក់ ចេញពីភាពដ៏កខ្វក់។ មកដល់បច្ចុប្បន្ន កុមារចំនួន ៧០០០ នាក់ និងគ្រួសារខ្វះខាតចំនួន ៣៣០០ គ្រួសារ បានទទួលអត្ថប្រយោជន៍ទៅលើការសិក្សាអប់រំ តំហែទាំសុខភាព អាហារូបត្ថម្ភ និងការគាំពារ។

អង្គការដើម្បីស្នាមញញឹមកុមារបានទទួលកុមារឱ្យចូលសិក្សានៅក្នុងសហគមន៍ទាំង៥ (រួមមាន សាលាបង្រៀនផ្នែកបដិសណ្ឋារកិច្ច សាលាបង្រៀនផ្នែកអាជីវកម្មជំនួញ សាលាបង្រៀនផ្នែកមេកានិក និងសាលាបង្រៀនផ្នែកគម្រោងសំណង់ និងការផលិតភាពយន្តផងដែរ) ហើយបានផ្តល់ការបង្ហាត់បង្រៀនពាក់ព័ន្ធទៅនឹងទីផ្សារការងារផងដែរ។
ពួកយើងសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានចូលរួមក្នុងដំណើរដ៏អស្ចារ្យមួយនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី សូមអរគុណយ៉ាងជ្រាលជ្រៅទៅដល់អតិថិជនទាំងអស់ យើងបានប្រមូលទឹកប្រាក់ចំនួន ១៣០០ ដុល្លារអាមេរិក ក្នុងនោះយើងបានផ្តល់សាប៊ូទឹកដុសខ្លួនចំនួន ៤០៨៤ដប ទៅដល់កុមារដែលខ្វះខាត តាមរយៈការចូលរួមពីអ្នកទាំងអស់គ្នា យើងពិតជាបានរួមចំណែកយ៉ាងសំខាន់ទៅដល់កុមារទាំងនោះដោយជម្រុញឱ្យមានអនាម័យ និងសុខភាពល្អ។ សូមអរគុណសម្រាប់ការចូលរួមជាមួយពួកយើងក្នុងដំណើរដ៏អស្ចារ្យមួយនេះ!