(បរទេស)៖ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (ហៅកាត់ថា TSMC) បាននិយាយថា ដំណើរការផលិតបច្ចេកវិទ្យាបន្ទះឈីបថ្មីដែលមានឈ្មោះថា «A16» នឹងចូលផលិតកម្មនៅពាក់កណ្តាឆ្នាំ២០២៦ ខាងមុខនេះ ខណៈពេលវេលារំពឹងទុកអាចនឹងចន្លោះពីខែកក្កដា ដល់ ខែធ្នូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងសន្និសីទនៅទីក្រុង Santa Clara រដ្ឋកាលីហ្វ័រញ៉ា លោក Y.J. Mii ជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន TSMC បានប្រកាសថា បច្ចេកវិទ្យាផលិតបន្ទះឈីបថ្មី «A16» នឹងអាចផ្តល់ថាមពលដល់បន្ទះឈីបកុំព្យូទ័រ ដែលគាំទ្រពីផ្នែកខាងក្រោយនៃបន្ទះឈីប។ លក្ខណៈពិសេសប្រកបដោយភាពច្នៃប្រឌិតនេះ គឺមានសារៈសំខាន់សម្រាប់ការពង្រឹងដំណើរការនៃបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដែលជាតំបន់មួយដែល TSMC បានចូលរួមក្នុងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយនឹងគូប្រជែងសហរដ្ឋអាមេរិកគឺ Intel ។

គួរជម្រាបដែរថា TSMC គឺជាក្រុមហ៊ុនផលិតបន្ទះសៀគ្វីដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ក្រុមហ៊ុនដូចជា Nvidia និង Apple ហើយបច្ចុប្បន្ននេះកំពុងងាកទៅផលិតបន្ទះឈីបដែលមានល្បឿនលឿនបំផុត។ នៅក្នុងខែមីនា ក្រុមហ៊ុន Intel បាននិយាយថា ខ្លួនរំពឹងថានឹងវ៉ាដាច់ TSMC ក្នុងការផលិតបន្ទះឈីបលឿនជាងមុនជាមួយនឹងបច្ចេកវិទ្យា «14A» របស់ខ្លួននៅឆ្នាំ២០២៦។

តែយ៉ាងណាបើតាមការប្រកាសរបស់ TSMC នេះ ក្រុមហ៊ុនទាំងពីរកំពុងសម្រុកបង្កើនល្បឿនផលិតកាន់តែខ្លាំងឡើង ខណៈ TSMC ចង់បញ្ចប់ការផលិតឱ្យបានរួចរាល់មុន Intel ដូច្នេះពេលវេលាជាក់ស្តែងទំនងជាអាចនឹងមកដល់លឿនជាងការរំពឹងទុកក៏ថាបាន៕