(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កញ្ជ្រោងខៀវ Leicester City កាន់តែប្រកៀកក្នុងការឡើងមកលេងក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League វិញហើយ ក្រោយពេលបំបាក់គូប្រជែង Southampton ៥-០ នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Leicester អតីតជើងឯក Premier League កាលឆ្នាំ២០១៦ បានធ្លាក់ទៅលេងក្នុងក្របខណ្ឌទី២ នារដូវកាលមុន ត្រូវការជ័យជម្នះតែ ១លើកទៀតប៉ុណ្ណោះ ក្នុងចំណោម ២ប្រកួតបិទគូថនៅ Championship 2023-2024 ពេលពើបប្រទះនឹងក្រុម Preston ឬក៏ Blackburn ក្នុងប្រកួតទី៤៥ និងទី៤៦ របស់ពួកគេ ក្នុងចំណោម ២៤ក្រុមសរុប។

តាមរយៈជ័យជម្នះដ៏គាប់ប្រសើរក្នុងកីឡដ្ឋាន King Power របស់ខ្លួន បានញាំងឱ្យ Leicester រកបាន ៩៤ពិន្ទុនាំមុខក្រុមលេខ២ Leeds United ចំនួន ៤ពិន្ទុផងដែរ ជាមួយនឹងក្តីរំពឹងថានឹងរកបាន ១០០ពិន្ទុពេញផងដែរ នៅពេលបិទរដូវកាលនេះ ស្របពេល Southampton បន្តឈរនៅលេខ៤ ក្នុងតារាងពិន្ទុ ដោយចាញ់ប្រៀបក្រុមលេខ២ Leeds ៦ពិន្ទុ នៅសល់ត្រឹមឱកាសលេងជម្រុះជាបន្តទៀតប៉ុណ្ណោះ។

គួរបញ្ជាក់ផងថា ក្រុមដែលបញ្ចប់ក្នុងតំណែងកំពូលតារាង Championship លេខ១ និងលេខ២ នឹងទទួលបានកៅអីដោយស្វ័យប្រវត្តិ ដើម្បីឡើងមកលេងនៅ Premier League ដ្បិតក្រុមចាប់ពីលេខ៣ ដល់លេខ៦ ត្រូវលេងជម្រុះជាបន្តទៀត ក្នុងការប្រជែងយក ១កៅអីដែលនៅសល់ ដើម្បីឡើងទៅជំនួស ៣ក្រុមដែលត្រូវបានកាត់ចេញពីលីគកំពូលអង់គ្លេសរដូវកាលនេះ៕