(បរទេស)៖ ទទួលបានដំណឹងមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានទិញយកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត្ត AI មួយទៀតរបស់បារាំង មានឈ្មោះថា Datakalab ដែលមានទីតាំងស្ថិតនៅទីក្រុងប៉ារីស និងត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមានឯកទេសខ្លាំងខាងផ្នែកដំណើរការ AI នៅលើឧបករណ៍ (on-device) ផ្ទាល់តែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ MacRumors។

ការទិញយកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ Apple ក្នុងការបង្កើតមុខងារបញ្ញាសិប្បនិមិត្តសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 18 និង macOS 15 ជំនាន់ក្រោយរបស់ខ្លួន ក្នុងគោលបំណងដើម្បីប្រកួតប្រជែងការផ្តល់ជូនពី Microsoft, Google និងជើងខ្លាំងផ្សេងទៀតនៅក្នុងទីផ្សារ AI ។ បើងាកទៅមើលប្រវត្តិដៃគូថ្មីរបស់ Apple គឺ ក្រុមហ៊ុន Datakalab ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៦ មកម្លេះ ដែលគិតមកទល់ពេលនេះមានបទពិសោធន៍ប្រមាណ ៨ឆ្នាំមកហើយ និងធ្លាប់បានសហការជាមួយក្រុមហ៊ុនធំៗដូចជា Disney និងរដ្ឋាភិបាលបារាំងជាដើម។

យ៉ាងណាមិញបើយោងតាមប្រភពលេចធ្លាយពីលោក Mark Gurman មកពី Bloomberg បានរាយការណ៍ថា ក្រោយកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន AI បារាំងនេះ LLM របស់ Apple នឹងដំណើរការលើឧបករណ៍ (on-device) ទាំងស្រុង ហើយវានឹងមិនពឹងផ្អែកលើប្រព័ន្ធ cloud ដូចសេវាកម្ម AI ដែលមានស្រាប់ភាគច្រើននាពេលបច្ចុប្បន្ននេះនោះទេ៕