(រ៉ូម)៖ សេះបង្កង់ Juventus បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ អ៊ីតាលី Coppa Italia 2023-2024 នៅពេលកីឡាករបម្រុង Arkadiusz Milik រកបាន ១គ្រាប់នៅនាទី៨៣ ដើម្បីយកឈ្នះម្ចាស់ផ្ទះ Lazio ៣-២ សរុបលទ្ធផលទាំង ២ជើង។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា Juventus ត្រូវបានម្ចាស់ផ្ទះ Lazio នាំមុខ ២គ្រាប់មុនក្នុងកីឡដ្ឋាន Stadio Olimpico ពីការប្រកួតជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយ ដែលជាលទ្ធផលជាបណ្តោះអាសន្នផងដែរ ក្រោយពេលបរាជ័យ ២ទល់នឹង០ កាលជើងទី១ នៅទីក្រុងតូរីនក្នុងផ្ទះរបស់សេះបង្កង់ នៅមុនពេល Milik ធ្វើបាន ១គ្រាប់ចុងម៉ោងក្នុងលទ្ធផលចាញ់ ២-១ ក៏ដោយ។

Lazio ដែលបានឈ្នះពាន Coppa Italia ចុងក្រោយកាលឆ្នាំ២០១៩ ផងនោះ បានបើកការនាំមុខ Juventus គ្រាប់ទី១ នៅនាទី១២ ពីការតែតបញ្ចូលទីរបស់កីឡាករ Valentin Castellanos និងបន្តរកបានគ្រាប់ទី២ ទៀតក្រោយពេលលេងវគ្គទី២ បាន ៣នាទីប៉ុណ្ណោះ។

Juventus ដែលដឹកនាំដោយលោក Massimiliano Allegri ត្រូវរង់ចាំជួបក្រុមឈ្នះរវាង Atalanta ឬក៏ Fiorentina ដែលត្រូវប្រកួតបញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីនេះ ដ្បិត Fiorentina បានយកឈ្នះ Atalanta ១-០ កាលជើងទី១ នៅក្នុងផ្ទះរបស់ពួកគេដែរ៕