(បរទេស)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃអង្គារ៍នេះបានព្យាករណ៍ថា ការលក់រថយន្តអគ្គិសនីនឹងកើនឡើងខ្លាំងនៅឆ្នាំ២០២៤ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចនៅក្នុងទីផ្សារមួយចំនួនក៏ដោយ។ តែយ៉ាងណា សម្រាប់តម្លៃ និងហេដ្ឋារចនាសម្ព័ន្ធសាកថ្មនឹងក្លាយជាគន្លឹះសម្រាប់ការពិភាក្សានាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ការលក់រថយន្តអគ្គិសនីនឹងកើនឡើងដល់ ១៧លានគ្រឿងនៅឆ្នាំនេះ ធៀបនឹង១៤ លានគ្រឿង ក្នុងឆ្នាំ២០២៣។ រថយន្តច្រើនជាងមួយ ក្នុងចំណោមរថយន្តចំនួន៥ ត្រូវបានលក់ទូទាំងពិភពលោក ត្រូវបានកំណត់ថាជាប្រភេទរថយន្តអគ្គិសនី ដែលពេញនិយមក្នុងការប្រើប្រាស់ ដើម្បីកាត់បន្ថយតម្រូវការប្រេង និងសម្រាប់បរិស្ថាន។ ដប់លាននៃរថយន្តទាំងនោះ ត្រូវបានគេរំពឹងថា នឹងលក់នៅក្នុងប្រទេសចិន។

ការលក់នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៤នេះ បានកើនឡើង ២៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ IEA បាននិយាយថា ទោះបីជាអត្រានៃការលក់នៃត្រីមាសទី១នៃឆ្នាំ២០២៣ និងឆ្នាំ២០២២ ហាក់មិនផ្លាស់ប្តូរក៏ដោយ ក៏វាស្ថិតនៅលើមូលដ្ឋាននៃតម្រូវការយានយន្តអគ្គិសនីកាន់តែច្រើនផងដែរ។ ជាទូទៅរថយន្តអគ្គិសនីមានតម្លៃថោកជាង ដោយសារតម្លៃថ្មធ្លាក់ចុះ ការប្រកួតប្រជែងកាន់តែខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ IEA បានបន្ថែមថា ការបំពេញតម្រូវកា រដែលកំពុងកើនឡើងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសាកថ្ម ក៏នឹងបង្កឱ្យមានបញ្ហាប្រឈមផងដែរ ដោយបណ្តាញសាកថ្មត្រូវបង្កើនឲ្យដល់៦ដង នៅឆ្នាំ២០៣៥៕