(មេនឆេស្ទឺ)៖ ក្លិប Manchester United អាចនឹងមិនមានវត្តមានខ្សែប្រយុទ្ធ Marcus Rashford និងខ្សែបម្រើ Scott McTominay ដោយសារតែមានរបួស នៅពេលដែលពួកគេត្រូវជួបក្លិបបាតតារាង Sheffield United នៅឯកីឡដ្ឋាន Old Trafford។ នេះបើយោងតាមសម្តីអ្នកចាត់ការ Erik ten Hag មុនពេលប្រកួតក្នុងលីគ Premier League នៅថ្ងៃពុធនេះ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

កីឡាករវ័យ ២៦ឆ្នាំ Rashford មានភាពលេចធ្លោក្នុងយុទ្ធនាការឆ្នាំ២០២២-២៣ ដោយរកបាន ៣០គ្រាប់ ក្នុងការប្រកួតទាំងអស់ និងត្រូវបានបោះឆ្នោតជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ United ប៉ុន្តែកីឡាករអន្តរជាតិអង់គ្លេសរូបនេះ រកបានត្រឹមតែ ៨គ្រាប់ប៉ុណ្ណោះក្នុងរដូវកាលនេះ។

ដោយឡែក កីឡាករ McTominay រកបាន ១០គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។

កីឡាករទាំង ២រូប បានរងរបួសដាច់ដោយឡែកពីគ្នា នៅអំឡុងពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup កាលពីថ្ងៃអាទិត្យ ទល់នឹងក្លិប Coventry City ដែលលេងនៅលីគ Championship ខណៈ United បានឈ្នះដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនោះ។

United បានប្រឈមនឹងវិបត្តិខ្សែការពាររួចទៅហើយ ដោយសារបញ្ហារបួសចំពោះកីឡាករ Lisandro Martinez, Raphael Varane, Victor Lindelof, Jonny Evans, Luke Shaw និងកីឡាករ Tyrell Malacia។

សូមជម្រាបថា United កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៧ ក្នុងតារាង Premier League ដោយមាន ៥០ពិន្ទុ ដោយតាមពីក្រោយក្លិបចំណាត់ថ្នាក់លេង៤ Aston Villa ដោយនៅសល់ ៦ប្រកួតទៀតបិទរដូវកាល គ្រាដែល Sheffield United កំពុងតស៊ូនឹងតំបន់កាត់ចោល ដោយស្ថិតនៅបាតតារាង បានឈ្នះត្រឹមតែ ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៣៣ប្រកួតរបស់ពួកគេ៕