(ឡុងដ៍)៖ អ្នកចាត់ការទូទៅក្លិបបាល់ទាត់ Aston Villa លោក Unai Emery បានបន្តកិច្ចសន្យារបស់លោកជាមួយក្លិបរហូតដល់ឆ្នាំ២០២៧។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

Villa បានស្ថិតនៅចំណាត់ថ្នាក់ទី១៦ ក្នុងតារាងលីគ Premier League ហើយបានតស៊ូនឹងការកាត់ចោល នៅពេលដែលបុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានស្នងតំណែងពីលោក Steven Gerrard កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

ជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ លោក Emery បច្ចុប្បន្នមានវ័យ ៥២ឆ្នាំនោះបានដឹកនាំក្លិប Villa បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧ ក្នុងរដូវកាលឆ្នាំ២០២២-២០២៣ ធ្វើឱ្យក្លិបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រកួតលីគ Europa Conference League ជាលើកដំបូងរបស់ក្លិប ក្នុងការចូលរួមប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប គិតចាប់តាំងពីរដូវកាល២០១០-២០១១។

ក្នុងរដូវកាលនេះ Villa កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្នុងតារាង Premier League៕