(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក សហការជាមួយក្រុមហ៊ុន City Express Money Transfer គាំទ្រដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្ហាញវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តខ្មែរនៅប្រទេសជប៉ុន»

កម្មវិធីត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៧ ខែមេសា នៅទីក្រុងអូសាកា ដោយបានទាក់ទាញអ្នកចូលរួមដែលមានទាំងពលករ និងនិស្សិតកម្ពុជាប្រមាណជា ១0.000 នាក់។

ក្នុងចំណោមភ្ញៀវកិត្តិយសសំខាន់ដែលបានអញ្ជើញចូលរួមក៏មានវត្តមានរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃកម្ពុជា លោក Ichisaka Hiroshi តំណាងអភិបាលខេត្តអូសាកានៃប្រទេសជប៉ុន និងលោក Nakano Hiromasa សមាជិករដ្ឋសភានៃប្រទេសជប៉ុន។

ព្រឹត្តិការណ៍នេះក៏មានការសម្តែងរបាំប្រពៃណីដូចជា៖ របាំជូនពរ របាំត្រុដិ ព្រមទាំងការប្រគុំតន្ត្រីដែលសម្តែងដោយសិល្បករខ្មែរ និងជប៉ុនដ៏ប៉ិនប្រសប់ ដែលញ៉ាំងបរិយាកាសទាំងមូលឲ្យពោរពេញដោយភាពរីករាយ និងការចែករំលែកវប្បធម៌គ្នាទៅវិញទៅមក។

លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង បានលើកឡើងអំពីសារៈសំខាន់នៃពិធីបុណ្យចូលឆ្នាំសម្រាប់ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេសដោយមានប្រសាសន៍ថា៖ «វាជាឱកាសសម្រាប់ពួកគេក្នុងការផ្សារភ្ជាប់ជាមួយនឹងមរតកវប្បធម៌ ព្រមទាំងចែករំលែកវាជាមួយមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នា»។

ធនាគារ វីង រួមជាមួយក្រុមហ៊ុន City Express Money Transfer ក៏បង្ហាញពីសេវាកម្មហិរញ្ញវត្ថុឌីជីថលដ៏ពេញនិយមនៅក្នុងកម្មវិធីនេះដែរ។ សេវាកម្មទាំងនេះអាចឱ្យប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុនផ្ញើប្រាក់មកប្រទេសកម្ពុជាបានភ្លាមៗ និងប្រកបដោយសុវត្ថិភាព ដោយធានាថាប្រាក់ចំណូលដែលរកបានដោយលំបាកអាចត្រូវបានផ្ញើទៅដល់មនុស្សជាទីស្រលាញ់របស់ពួកគេដោយគ្មានបញ្ហានោះអ្វីឡើយ។

លោក ឈុន វឌ្ឍនៈភក្តី បានមានប្រសាសន៍បន្ថែមថា៖ «ប្រជាជនកម្ពុជាជាច្រើន បានប្រកបការងារដោយមិនគិតពីការនឿយហត់នៅក្រៅប្រទេស ដើម្បីផ្គត់ផ្គង់គ្រួសារនៅស្រុកកំណើតវិញ។ អាស្រ័យហេតុនេះហើយ ការធានាឱ្យបានថាប្រាក់របស់ពួកគាត់ត្រូវផ្ញើដោយសុវត្ថិភាព និងទាន់ពេលវេលា គឺជាកិច្ចការមួយដែលសំខាន់ណាស់។ តាមរយៈភាពជាដៃគូរបស់យើងជាមួយ City Express Money Transfer យើងអាចផ្តល់ជូននូវសេវាផ្ទេរប្រាក់មកក្នុងស្រុកវិញដែលអាចទុកចិត្តបាន»

មានប្រជាជនកម្ពុជាចំនួនជិត ៣0.000 នាក់ ដែលកំពុងធ្វើការនៅប្រទេសជប៉ុនបើគិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ ហើយសេវាផ្ទេរប្រាក់ដែលអាចជឿទុកចិត្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពួកគេឲ្យផ្គត់ផ្គង់គ្រួសារដែលនៅឆ្ងាយពីគ្នា។

ធនាគារ វីង មានមោទនភាពក្នុងការចូលរួមផ្តល់សិទ្ធិអំណាចដល់សហគមន៍នេះ តាមរយៈផ្តល់ជូននូវជម្រើសសេវាផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាព និងងាយស្រួល ដែលមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាជារួមផងដែរ៕