(បរទេស)៖ នាឡិកាជំនាន់ថ្មីរបស់ក្រុមហ៊ុនយក្ស Apple ដែលត្រូវបានអ្នកវិភាគឲ្យឈ្មោះថា Apple Watch X (Series 10) ត្រូវបានរាយការណ៍មកថា គ្រោងបង្ហាញវត្តមានលើទីផ្សារនាពេលខាងមុខ ខណៈពេលនេះមានពាក្យចចាមអារ៉ាមថ្មី ពីការផ្លាស់ប្តូរដ៏ច្រើនចំពោះឧបករណ៍មួយនេះ។ កាលពីរដូវក្តៅមុន លោក Mark Gurman របស់ Bloomberg បាននិយាយថា Apple Watch X អាចនឹងមានកំរាស់ស្តើងជាងមុន និងមានការប្រើខ្សែម៉ាញ៉េទិកផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Phone Arena។

ការបង្ហាញ Apple Watch X ដែលបង្ហោះដោយអ្នកឌីហ្សាញ់ concept central នៅលើបណ្តាញសង្គម X បានឲ្យឃើញនូវរូបភាព render ដែលមើលទៅមានកំរាស់ស្តើងជាងមុន ១០ទៅ១៥ % បើប្រៀបធៀបនឹងម៉ូដែលបច្ចុប្បន្ន។ នាឡិកាជំនា់ថ្មីនេះ ក៏អាចនឹងប្រើប្រាស់នូវ Magnetic bands ជាមួយនឹងអេក្រង់ OLED technology ដែលភ្លឺជាងមុន និងប្រសិទ្ធិភាពល្អជាងមុន ហើយក៏អាចប្រើប្រាស់ថាមពលថ្មបានយូរផងដែរ។

យ៉ាងណាមិញ ព័ត៌មាននេះគឺផ្អែកទៅលើការបែកធ្លាយ និងពាក្យចចាមអារ៉ាមប៉ុណ្ណោះ បើតាមការបញ្ជាក់បានឲ្យដឹងថា Digital Crown អាចនឹងរក្សាទុកនៅដដែល ហើយអាចនឹងមានការបន្ថែមនូវ Action Button ស្រដៀងគ្នាទៅនឹងស្មាតវ៉ច Apple Watch Ultra ថែមទៀត៕