(មេនឆេស្ទើ)៖ គ្រូបង្វឹកក្លិប Manchester United លោក Erik ten Hag បានថ្លែងថា កូនក្រុមរបស់លោកគឺ Alejandro Garnacho បានចេញមកសុំទោសជាសាធារណៈហើយ ក្រោយពេលបង្ហោះរិះគន់រូបលោកនៅលើបណ្តាញសង្គម។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

លោក Ten Hag បានបញ្ជាក់ថា «Alejandro គឺជាកីឡាករនៅក្មេង ដែលមានរឿងច្រើនត្រូវរៀនសូត្រ។ គាត់បានចេញមកសុំទោស បន្ទាប់ពីដឹងកំហុស និងលុបអ្វីដែលបានបង្ហោះវិញហើយ»

ខ្សែបម្រើវ័យ ១៩ឆ្នាំត្រូវបានលោក Ten Hag ប្តូរចេញនៅវគ្គទី១ នៅមុនពេលបិសាចក្រហម Man Utd លេងស្មើ ២-២ ទល់នឹងម្ចាស់ផ្ទះ AFC Bournemouth ក្នុងលីគ Premier League កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ជាពេលដែល Garnacho បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ថា «មានទម្រង់លេងមិនល្អថាបណ្តាលមកពីខ្ញុំ និងបានដកខ្ញុំចេញនៅចុងវគ្គទី១ ទៀតផង។ គួរឱ្យចង់សើច»

Man Utd ដែលឈរនៅលេខ៧ ក្នុង Premier League បច្ចុប្បន្នផងនោះ លេងមិនឈ្នះឡើយក្នុងចំណោម ៤ប្រកួតក្នុងលីគចុងក្រោយនេះ ដែលត្រូវប៉ះ Coventry នៅពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យស្អែកនេះដែរ។

វាពុំមែនជាលើកទី១ ផងដែរ ដែលគ្រូបង្វឹកលោក Erik ten Hag ត្រូវបានកូនសិស្សរបស់ខ្លួនបង្ហោះរិះគន់នៅលើបណ្តាញសង្គម តួយ៉ាងកាលពីខែកញ្ញា ឆ្នាំ២០២៣ Jadon Sancho ក៏បានបង្ហោះរិះគន់យ៉ាងចាស់ដៃផងដែរនៅលើបណ្តាញសង្គម X ក្រោយពេលគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះប្តូរគេចេញ ដោយចាត់ទុកខ្លួនថា ជាសត្វពពែ៕