(មេនឆេស្ទើ)៖ លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City បានបង្ហើបឱ្យដឹងថា មែនទែនទៅ Cole Palmer បានសុំចេញពីក្លិប ២ឆ្នាំមកហើយ មុនពេលផ្លាស់មកចូលរួមជាមួយតោខៀវ Chelsea បច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

លោកថា «Palmer បានស្នើចាកចេញ ២រដូវកាលមកហើយដែលខ្ញុំបានបដិសេធ។ តើពួកយើងអាចធ្វើអ្វីបានបន្តទៀត? ជាច្រើនលើកច្រើនសារ ខ្ញុំតែងតែមិនផ្តល់នាទីណាមួយសម្រាប់គាត់ ដោយដាក់គាត់អង្គុយកៅអីបម្រុង ទាំងដែលគាត់មិនចង់បាន ដ្បិតពេលនេះគាត់ធ្វើបានហើយនៅ Chelsea»

បុរសសញ្ជាតិអេស្ប៉ាញបានបន្ថែមទៀតថា «កាលពីលេងកំដៅសាច់ដុំមុនបើករដូវកាល ខ្ញុំបាននិយាយទៅកាន់ Palmer ឱ្យបន្តស្នាក់នៅទៀត ក៏ព្រោះតែ Riyad Mahrez បានចាកចេញទៅហើយ ដោយគាត់ឆ្លើយបដិសេធ និងបានចាកចេញទៅ»

ដោយមិនអាចឃាត់បាន Man City ក៏បង្ខំចិត្តលក់កីឡាករវ័យទើបតែ ២១ឆ្នាំខាងលើនេះទៅឱ្យសមាជិក Premier League គឺ Chelsea ក្នុងតម្លៃ ៤២.៥លានផោននៅថ្ងៃបិទបញ្ចប់ទិញ-ដូរកីឡាករនាអំឡុងខែកញ្ញា ឆ្នាំ២០២៣ តែម្តង ដោយគិតមកទល់ពេលនេះ រូបគេស៊ុតបាន ២០គ្រាប់ក្នុងលីគកំពូលអង់គ្លេស ស្មើជាមួយតារាជើងស៊ុត Erling Haaland របស់ Man City ដែរ និងក្លាយជាគូប្រជែងសម្រាប់ស្បែកជើងមាសនារដូវកាលនេះទៀតផង។

រូបគេរកបាន ៤គ្រាប់ក្នុងជំនួប Chelsea បំបាក់ Everton កាលពីថ្ងៃទី១៥ ខែមេសាក្នុងលីគ ដើម្បីកើនគ្រាប់ស៊ុត ២០គ្រាប់ផងដែរនៅ Premier League មុនពេលតោខៀវប៉ះអតីតក្លិបចាស់របស់ Palmer ក្នុងវគ្គ ៤ក្រុមពាន FA Cup នារាត្រីថ្ងៃសៅរ៍នេះដែរ។ Cole Palmer បានចុះកិច្ចសន្យាលេងឱ្យ Man City រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ មក ដោយទើបបង្ហាញខ្លួនបាន ៣លើកប៉ុណ្ណោះក្នុង Premier League មុនពេលចាកចេញទៅរួមរស់ជាមួយ Chelsea៕