(បរទេស)៖ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានធ្វើការរិះគន់ចំៗទៅនឹងក្របខណ្ឌ លីគអាជីពអង់គ្លេស Premier League ជុំវិញការចំណាយទៅលើភ្នាក់ងារទិញ-ដូរកីឡាករច្រើនពេកស្ទើរជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយគេហទព័រកីឡា BBC នៅថ្ងៃនេះ។

យោងតាមខ្លឹមសារដែលបុរសសញ្ជាតិស្វីសខាងលើបានបង្ហោះនៅលើបណ្តាញសង្គម Instagram បានបញ្ជាក់ថា «លុយដែលបានជះទៅលើថ្លៃសេវា គួរតែក្លិបនីមួយៗយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍន៍កីឡាករ និងកន្លែងហ្វឹកហាត់ជាដើម ដោយមិនគួរណាមកប្រើខុសគោលដៅបាល់ទាត់អីចឹងនោះទេ»

នៅចាំបានថា កាលពីសប្តាហ៍មុន Premier League បានបញ្ចេញរបាយការណ៍ ជាមួយនឹងការចំណាយកើនដល់ជាង ៤០៩.៥លានផោនទៅលើភ្នាក់ងារទិញ-ដូរកីឡាករត្រឹមរយៈពេល ១២ខែ ដែលស្មើនឹង ១/៣ នៃចំនួនទឹកប្រាក់សរុប ៧០២លានផោន ដែលជារបាយការណ៍សរុបប្រចាំឆ្នាំ២០២៣ ដែលចេញដោយ FIFA នាអំឡុងខែធ្នូ។

កន្លងមក FIFA ក៏ព្យាយាមកម្រិតក្នុងការចាយវាយទៅលើសេវាទិញ-ដូរនេះដែរ ដោយគិតមកទល់នឹងពេលនេះ ពុំទាន់បានសម្រេចនៅឡើយទេ។

លោកថា «ខ្ញុំបានស្នើដល់គណៈគ្រប់គ្រង ក៏ដូចជាអ្នកច្បាប់ក្នុងការចូលរួមជាមួយពួកយើងធ្វើរឿងនេះ ដើម្បីរក្សាស្ថិរភាពសេវាទិញ-ដូរក្នុងបាល់ទាត់ និងជាការចែករំលែកដល់បណ្តាក្លិបនានានៅជុំវិញពិភពលោកផងដែរ បើទោះបីជាភ្នាក់ងារទិញ-លក់នៅតែជាតួអង្គសំខាន់សម្រាប់បច្ចុប្បន្ន និងអនាគតក៏ដោយ»