(បរទេស)៖ យោងតាមរបាយការណ៍របស់ Canalys បានឱ្យដឹងថា ទីផ្សារសា្មតហ្វូនរបស់ឥណ្ឌាកំពុងមានសន្ទុះកើនឡើងជាខ្លាំង ជាមួយនឹងចំនួននៃការនាំចេញឈានដល់ ៣៥.៣លានគ្រឿង ដែលកើនឡើងជិត ៥លានគ្រឿង ឬ ១៥ភាគរយ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ នេះមានក្រុមហ៊ុនស្មាតហ្វូនចំនួន៣ កំពុងប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើងក្នុងនោះរួមមាន Samsung, Xiaomi និង Vivo ជាដើម ខណៈដែលចំណែកទីផ្សារតាមពីក្រោយគ្នា។

តាមរយៈតារាងនាំចេញរបស់ Canalys ក្នុងនោះបានបង្ហាញថា ក្រុមហ៊ុន Samsung ឈរនៅលេខរៀងកំពូលជាក្រុមហ៊ុនដែលលក់បានច្រើនជាងគេបំផុតចំនួន ៦.៧លានគ្រឿង ជាមួយចំណែកទីផ្សារ ១៩ភាគរយ។ Xiaomi ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងចំនួនលក់ ៦.៤លានគ្រឿង ខណៈដែល Vivo ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងចំនួនលក់ ៦.២លានគ្រឿង និងកាន់កាប់ចំណែកទីផ្សារ ១៨ភាគរយដូចគ្នា។

ដោយឡែកសម្រាប់ Oppo វិញលក់បានចំនួន ៣.៧លានគ្រឿង និង Realme លក់បានចំនួន ៣.៤លានគ្រឿង។

គួរជម្រាបថា កំណើននៃការបញ្ជាទិញកើនឡើងខ្លាំងនេះ ត្រូវបានប្រភពពី Canalys បង្ហាញថា បានមកពី ការចេញលក់ស្មាតហ្វូនកំពូលរបស់ Samsung គឺ Galaxy S24 ជាមួយនឹងមុខងារ AI និងបច្ចេកវិទ្យា 5G របស់ Xiaomi ដែលមាននៅលើស្មាតហ្វូន Redmi 13C 5G និង Redmi Note 13 5G៕