(បាសេឡូណា)៖ ក្លិបបាល់ទាត់អាជីព FC Barcelona ត្រូវបានសហព័ន្ធប្រចាំទ្វីបអឺរ៉ុប ហៅកាត់ថា UEFA ធ្វើការពិន័យជាទឹកប្រាក់ប្រមាណ ៣៣,៤៦៦ដុល្លារអាមេរិក ដោយសារតែអាកប្បកិរិយាក្រអើតក្រទមអ្នកគាំទ្ររបស់ខ្លួនក្នុងប្រកួត Champions League កាលជើងទី១។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

អ្នកគាំទ្រ Barcelona បានធ្វើសកម្មភាព និងសំដែងអាកប្បកិរិយាដុតកាំជ្រួច រួមទាំងធ្វើឱ្យខូចខាតរបស់របរមួយចំនួនផងដែរក្នុងកីឡដ្ឋាន Parc des Princes កាលប្រកួតជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League 2023-2024 នាសប្តាហ៍មុននៅប្រទេសបារាំង។

ហេតុការណ៍ទាំងនេះ ញាំងឱ្យ UEFA សម្រេចដាក់ពិន័យ Barcelona ជាទឹកប្រាក់មួយចំនួន និងដាក់បម្រាមមិនឱ្យលក់សំបុត្រសម្រាប់ប្រកួតក្រៅដីពានអឺរ៉ុបពេញ ១ឆ្នាំផងដែរ។

លើសពីនេះទៀត ពួកគេត្រូវតែជួសជុលឱ្យបានរួចរាល់កន្លែងបាក់បែកនៅកីឡដ្ឋាន Parc des Princes ឱ្យបានមុនពេល Paris Saint-Germain ប្រកួតវគ្គ ៤ក្រុមចុងក្រោយទល់នឹង Borussia Dortmund ថែមទៀតផង៕