(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ២រូប រួមមានម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ហេង វុទ្ធី និងកីឡាការិនីមេដាយសំរឹទ្ធ ឌិន សំណាង ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោកស្រី ចូវ សុធារ៉ា នឹងបន្ដការប្រកួតជម្រុះអូឡាំពិកប្រចាំទ្វីបអាស៊ី នៅថ្ងៃទី១៩-២១ ខែមេសា ដើម្បីប្រជែងកៅអីអូឡាំពិកប៉ារីស ឆ្នាំ២០២៤ នៅប្រទេសបារាំង នាខែកក្កដាខាងមុខ។

ការប្រកួតនេះធ្វើឡើងក្រោយអត្តពលិកចំបាប់កម្ពុជាទាំងពីរ បានបញ្ចប់ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៤ នៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃទី១១-១៦ ខែមេសាកន្លងទៅ ប៉ុន្ដែកីឡាករ-កីឡាការិនីកម្ពុជា ពុំទទួលបានមេដាយអ្វីនោះទេ គ្រាដែលម្ចាស់មេដាយមាស និងប្រាក់ជើងឯកអាស៊ី បានទទួលកៅអីអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រកួតជម្រុះទៀតឡើយ។

ដោយឡែកម្ចាស់មេដាយសំរឹទ្ធជើងឯកអាស៊ី និងកីឡាករ-កីឡាការិនីផ្សេងទៀត រួមទាំងកីឡាករ-កីឡាការិនីកម្ពុជាផងនោះ នឹងត្រូវចូលរួមការប្រកួតជម្រុះអូឡាំពិកប្រចាំទ្វីបអាស៊ី នៅទីក្រុង Bishkek ដដែលនៅថ្ងៃទី១៩-២១ ខែមេសានេះ ដើម្បីប្រជែងកៅអីអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ដោយមានតែកីឡាករ-កីឡាការិនីជយលាភីលេខ១ និងលេខ២ តាមវិញ្ញាសានីមួយៗប៉ុណ្ណោះ ដែលនឹងទទួលបានសំបុត្រយន្ដហោះចូលរួមព្រឹត្តិការណ៍កីឡាពិភពលោក ៤ឆ្នាំម្ដងនេះ។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍បានបញ្ជាក់ថា សម្រាប់កីឡាករ ហេង វុទ្ធី នឹងត្រូវជួបកីឡាករ Karypbaev របស់ម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ក្នុងវគ្គជម្រុះដំបូងលើវិញ្ញាសាបុរស Freestyle ប្រភេទទម្ងន់ ៨៦គីឡូក្រាម គ្រាដែលកីឡាការិនី ឌិន សំណាង បានឈរចាំនៅវគ្គ ៨នាក់ចុងក្រោយលើវិញ្ញាសាបុរស Freestyle ប្រភេទទម្ងន់ ៥០គីឡូក្រាម ដោយរង់ចាំជួបអ្នកឈ្នះរវាងកីឡាការិនីកូរ៉េខាងត្បូង និងឥណ្ឌា។

លោកស្រី ចូវ សុធារ៉ា បានឲ្យដឹងថា ក្នុងការប្រកួតជម្រុះអូឡាំពិកនេះ ទោះបីម្ចាស់មេដាយមាស និងប្រាក់ជើងឯកអាស៊ី មិនបានចូលរួម តែក៏ជាការប្រកួតដ៏តានតឹងសម្រាប់អត្តពលិកចំបាប់កម្ពុជា ពិសេសកីឡាករ ហេង វុទ្ធី ដែលត្រូវជួបកីឡាករខ្លាំងៗជាច្រើនក្នុងទ្វីប។ តែលោកស្រីបានបង្ហាញសុទិដ្ឋិនិយម ចំពោះកីឡាការិនី ឌិន សំណាង ដ្បិតគូប្រជែងមានកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នា ដោយរំពឹងថា កូនក្រុមរបស់ខ្លួន នឹងព្យាយាមអស់ពីលទ្ធភាព ដើម្បីទទួលបាននូវលទ្ធផលល្អ ពិសេសបានកៅអីអូឡាំពិកប៉ារីស ឆ្នាំ២០២៤៕