(តូក្យូ)៖ ម្ចាស់ពានរង្វាន់ជើងឯកពិភពលោកចំនួន ២លើកផ្នែកកីឡាវាយសី កីឡាករ Kento Momota បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា លោកនឹងចូលនិវត្តន៍ ពីការប្រកួតវាយសីឱ្យក្រុមជម្រើសជាតិ ក្នុងវ័យ ២៩ឆ្នាំ ដោយបានបញ្ជាក់ថា សុខភាពរបស់លោកមិនដូចមុននោះទេ ចាប់តាំងពីគ្រោះថ្នាក់ចរាចរដោយរថយន្តយ៉ាងធ្ងន់ធ្ងរ កាលពី ៤ឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

បុរសសញ្ជាតិជប៉ុន Momota ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករវាយសី ដែលគេចាត់ទុកថាជាស្តេចកីឡាករវាយសីនោះ បានឈ្នះពានរង្វាន់ចំនួន១១ ក្នុងឆ្នាំ២០១៩ និងចាញ់ត្រឹមតែ ៦ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៧៣ប្រកួត ដែលលោកបានប្រកួតក្នុងឆ្នាំនោះ។

ប៉ុន្តែក្នុងខែមករា ឆ្នាំ២០២០ រថយន្តដែលបានដឹកលោក ទៅកាន់អាកាសយានដ្ឋាន Kuala Lumpur បានជួបគ្រោះថ្នាក់ចរាចរនៅប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលលោកបានឈ្នះពានរង្វាន់ Malaysia Masters ខណពៈអ្នកបើកបររថយន្តបានស្លាប់ ហើយលោក Momota បានរងរបួសនិងទទួលការវះកាត់ដើម្បីព្យាបាលឆ្អឹងរន្ធភ្នែក ដែលបានបាក់។

នៅពេលដែលលោកបានត្រឡប់មកវិញ បន្ទាប់ពីអវត្តមានពីសកម្មភាពរយៈពេល ១ឆ្នាំនោះ បញ្ហាទម្រង់នៃការប្រកួតរបស់ Momota បានធ្លាក់ចុះ មិនដូចអ្វីដែលរូបគេធ្លាប់ធ្វើបានដែលឈានឡើងដល់កីឡាករលំដាប់ទី១ របស់ពិភពលោកនោះទេ បើទោះបីជារូបគេបានឈ្នះពានរង្វាន់ចំនួន ២ថែមទៀតកក៏ដោយក្តី។

បច្ចុប្បន្ន Momota ស្ថិតក្នុងចំណាត់ថ្នាក់ទី៥២ លើពិភពលោក និងបានខកខានកៅអី សម្រាប់ការប្រកួតនៅឯព្រឹត្តិការណ៍ Paris Olympics ផងដែរ។

Momota នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិជប៉ុន បន្ទាប់ពីប្រកួតនៅឯព្រឹត្តិការណ៍ Thomas Cup ក្នុងប្រទេសចិន នាចុងខែនេះ, បន្ទាប់ពីនោះ លោកនឹងប្រកួតត្រឹមតែព្រឹត្តិការណ៍ក្នុងប្រទេសជប៉ុនប៉ុណ្ណោះ ហើយក៏មិនស្ថិតក្នុងព្រឹត្តិការណ៍ World Tour នោះដែរ៕