(រ៉ូម)៖ លោក Daniele De Rossi ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុម AS Roma ស្ថិតក្នុងលីគអ៉ីតាលី Serie A នឹងបន្តធ្វើជាអ្នកចាត់ការក្រុមនេះ សម្រាប់រដូវកាលបន្ទាប់ខាងមុខទៀត, នេះបើតាមការបញ្ជាក់ពីម្ចាស់ក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

លោក De Rossi ដែលជាអតីតកីឡាករឆ្នើមមួយរូបប្រចាំក្លិប AS Roma ដែលត្រូវបានតែងតាំងកាន់តួនាទីអ្នកចាត់ការក្រុមនេះកាលពីខែមករា លើកិច្ចព្រមព្រៀងដែលមានសុពលភាពរហូតចប់រដូវកាលនេះនោះ បានចូលមកជំនួសតំណែងលោក Jose Mourinho នៅពេលដែលក្លិបនេះបានកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាងលីគកំពូលអ៊ីតាលីនាពេលនោះ។

ស្ថិតក្រោមការដឹកនាំរបស់លោក Daniele De Rossi ពេលនេះក្លិប Roma បានឡើងដល់ចំណាត់ថ្នាក់ទី៥ ក្នុងតារាងលីគ ជាមួយការដំណើលេងការ ៧ប្រកួតមិនចាញ់ជាប់ៗគ្នាក្នុងលីគនាពេលនេះ។

បើតាមសម្តីលោក Dan និងលោក Ryan Friedkin បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «បន្ទាប់ពីជួបជាមួយលោក Daniele De Rossi យើងសូមប្រកាសថា គាត់នឹងបន្តធ្វើជាគ្រូបង្គោលក្លិប AS Roma បន្ទាប់ពីរដូវកាលនេះ និងសម្រាប់ពេលអនាគតទៀត» ខណៈក្លិប មិនបានបង្ហាញព័ត៌មានលម្អិតណាមួយស្តីពីរយៈពេលនៃកិច្ចព្រមព្រៀងរបស់លោក De Rossi នោះទេ៕