(បាសេឡូណា)៖ Rafael Nadal អតីតជើងខ្លាំងលំដាប់លេខ១ ពិភពលោកបានហាលអាវពីព្រឹត្តិការណ៍ Barcelona Open 2024 ត្រឹមជុំទី២ ប៉ុណ្ណោះ ក្រោមស្នាដៃរបស់គូប្រជែង Alex de Minaur នៅរាត្រីថ្ងៃពុធ ទី១៧ ខែមេសា។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

វាជាការប្រកួតលើកទី៥ សម្រាប់កីឡាករជើងចាស់អេស្ប៉ាញ វ័យ ៣៧ឆ្នាំ គិតចាប់តាំងពីខែមករា ឆ្នាំ២០២៣ ក៏ព្រោះតែញាំញីទៅដោយបញ្ហារបួសត្រគាក និងក្បាលពោះ។ Nadal បានយកឈ្នះកីឡាករអ៊ីតាលី Flavio Cobolli វ័យ ២១ឆ្នាំនៅថ្ងៃបើកឆាក Barcelona Open មុនមកចាញ់កីឡាករលេខ១១ ពិភពលោក De Minaur ក្នុងជុំទី២ ដោយពុំអាចតដៃបានឡើយក្នុងលទ្ធផលចាញ់ ២ទល់នឹង០ មានលំដាប់ពិន្ទុ ៧-៥ និង ៦-១ នៅលើទីលានដីឥដ្ឋស្ថិតក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

Nadal ដែលធ្លាប់ឈ្នះពាន Barcelona Open ១២លើក និងឈ្នះចុងក្រោយក្នុងឆ្នាំ២០២១ ផងនោះ ធ្លាប់បានប្រលយថា រូបគេនឹងចូលនិវត្តន៍ពី Tennis អាជីពជាផ្លូវការត្រឹមឆ្នាំ២០២៤ នេះ ប្រសិនបើនៅតែជួបបញ្ហារបួសដែលរារាំងរូបគេមិនឱ្យចូលលេងបានជាប់លាប់ទៀតនោះ ដ្បិតទើបចូលលេងបាន ២ប្រកួតនៅ Barcelona Open នេះ បន្ទាប់អវត្តមានរយៈពេល ៣ខែ ដោយសាររបួសចាស់ខាងលើរើឡើងវិញ។

Nadal ដែលធ្លាក់ដល់ចំណាត់ថ្នាក់លេខ៦៤៤ នាពេលបច្ចុប្បន្ននេះ ក៏មានគម្រោងចូលរួមក្នុងកម្មវិធីធំ French Open នៃកម្រិត Grand Slam ដែលនឹងចាប់ផ្តើមឡើងនៅប្រទេសបារាំងនាខែក្រោយនេះ ជាទីដែលរូបគេធ្លាប់ឈ្នះជើងឯកបាន ១៤លើកដែរ៕